ក្រុមហ៊ុន Facebook បានប្រឈមនឹងបញ្ហាជាច្រើនកាលពីឆ្នាំ ២០១៨ ទាក់ទិននឹងអាស្រូវបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ជាច្រើនលើកច្រើនសារ។ ផ្ទុយទៅវិញក្រឡេកទៅមើលរបាយការណ៍ចំណូលប្រចាំត្រីមាសទី ៤ ឆ្នាំចាស់ ហាក់នៅតែបន្តកើនឡើង ខុសពីការព្យាករណ៍របស់ក្រុមអ្នកវិភាគ។
ចំពោះតួលេខអ្នកប្រើប្រាស់គិតក្នុងខែធ្នូ ឆ្នាំ ២០១៨ មានមនុស្សប្រមាណ ១,៥២ ពាន់លាននាក់ ប្រើប្រាស់ Facebook ជារៀងរាល់ថ្ងៃ ពោលជាតួលេខកើនឡើង ៩ ភាគរយធៀបនឹងឆ្នាំចាស់។ កំណើនអ្នកប្រើប្រាស់បន្តផ្ទុះខ្លាំងទាំងនៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក ជំរុញឲ្យ Facebook ប្រកាសពីកំណត់ត្រាថ្មីដោយសរុបសេវាកម្ម ៤ របស់ខ្លួនបញ្ចូលគ្នាទទួលបានអ្នកប្រើ ២,៧ ពាន់លាននាក់ ដោយក្នុងនោះមាន ២ ពាន់លាននាក់យ៉ាងតិចបើកប្រើសេវាកម្មមួយប្រចាំថ្ងៃ។
ចំណូលប្រចាំត្រីមាសក៏ឡើងខ្ពស់ដល់ ១៦,៩១ ពាន់លានដុល្លារ ច្រើនជាងការព្យាករណ៍របស់អ្នកវិភាគ ដោយប្រាក់ចំណេញមាន ២,៣៨ ដុល្លារក្នុងមួយភាគហ៊ុន ជំរុញឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនក៏កើនបាន ៦ ភាគរយបន្ថែមទៀតបន្ទាប់ពី Facebook ចេញសេចក្តីប្រកាសនេះ។
រំឭកថាឆ្នាំ ២០១៨ កន្លងទៅ លោក Mark Zuckerberg បានជួបរឿងក្រពុលមុខខ្លាំងបំផុត សោតយ៉ាងដូចជាបញ្ហារឿងអាស្រូវបែកធ្លាយចេញពីក្រុមហ៊ុន Cambridge Analytica និងចន្លោះប្រហោងធ្វើឲ្យ Hacker វាយលុកគណនីអ្នកប្រើប្រមាណ ៥០ លាននាក់ជាដើម។
