តាមការបញ្ជាក់ពីក្រុមហ៊ុនAlibaba Groupបានឲ្យដឹងថា ជាប្រធាននិងស្ថាបនិកក្រុមហ៊ុនលោកJack Ma នឹងចុះចេញពីតំណែងនៅឆ្នាំក្រោយ គឺនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។ បន្ទាប់ពីលោកMaចុះចេញពីតំណែង លោកDaniel Zhangនឹងធ្វើជាប្រធានក្រុមហ៊ុនជំនួស។ លោកMaដែលមានអាយុ៥៤ឆ្នាំនៅថ្ងៃទី១០កញ្ញានេះ បានចេញលិខិតមួយច្បាប់និយាយថា លោកនឹងបន្ដស្ថិតជាប្រធានក្រុមហ៊ុន១២ខែទៀត ដើម្បីធានាថាការផ្ទេរតំណែងប្រព្រឹត្ដទៅដោយរលូន។ ខណៈសល់ពេលមួយឆ្នាំទៀតជាប្រធានក្រុមហ៊ុនលក់ទំនិញតាមអនឡាញAlibaba Group លោកនឹងធ្វើការឲ្យបានជិតស្និទ្ធជាមួយលោកDaniel ដើម្បីឲ្យការផ្ទេរដំណែងដំណើរការដោយរលូន។
សូមរម្លឹកថា លោកJack Maបានបង្កើតក្រុមហ៊ុនAlibaba Groupក្នុងឆ្នាំ១៩៩៩។ ក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានតម្លៃភាគហ៊ុនជាង៤២០ពាន់លានដុល្លារអាមេរិកគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។ បើគិតពីទ្រព្យសម្បត្ដិរបស់លោកMaវិញ មានប្រមាណជាង៣៦ពាន់លានដុល្លារអាមេរិក នេះបើតាមការវាយតម្លៃរបស់ទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិកForbes។
នៅពេលចូលនិវត្ដន៍ពីវិស័យជំនួញ មហាសេដ្ឋកិច្ចចិនរូបនេះនឹងវិលទៅរកអាជីពចាស់ គឺជាគ្រូបង្រៀនភាសាអង់គ្លេស ព្រោះលោកធ្លាប់បញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេស។ លោកធ្លាប់និយាយថា លោកចង់ចំណាយពេលនៅសេសសល់ផ្ដោតលើវិស័យអប់រំ៕