ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុនAlibabaលោកJack Ma បានប្រកាសថាលោកនឹងចាកចេញពីក្រុមហ៊ុនមួយនេះនៅថ្ងៃទី១០កញ្ញា ដើម្បីប្រើពេលដែលនៅសល់ផ្ដោតសំខាន់លើវិស័យអប់រំវិញ។ លោក Maធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ មុនពេលលោកចាប់ផ្ដើមបើកក្រុមហ៊ុនAlibabaក្នុងឆ្នាំ១៩៩៩។ លោកMaបានប្រាប់កាសែតThe New York Timesថា លោកគ្រោងនឹងចុះចេញពីក្រុមហ៊ុន ដែលសំដៅលើការចូលនិវត្ដន៍របស់លោក គឺជាការចាប់ផ្ដើមសករាជថ្មីមួយ ប្រសើរជាងនិយាយថាជាការបិទបញ្ចប់។
លោកMaនឹងមានអាយុ៥៤ឆ្នាំគិតត្រឹមថ្ងៃទី១០កញ្ញា ហើយក៏ជាពេលលោកចូលនិវត្ដន៍ពីវិស័យជំនួញដែរ។ លោកបានបោះបង់ចោលការងារជាគ្រូបង្រៀននៅសាកលវិទ្យាល័យ បន្ទាប់ពីលោកបើកក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណេតAlibaba។ ដោយទឹកចិត្ដស្រឡាញ់វិស័យអប់រំ ដូច្នេះហើយទើបលោកចង់ប្រើពេលវេលានៅសល់ វិលទៅរកជំនាញចាស់វិញ ព្រោះលោកក៏ធ្លាប់បញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសផងដែរ។
សូមបញ្ជាក់ថា នៅពេលចូលនិវត្ដន៍លោកJack Ma ក៏ស្ថិតក្នុងចំណោមអ្នកមានបំផុតមួយរូបនៅចិន។ ទ្រព្យសម្បត្ដិរបស់លោកបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែភាគហ៊ុនក្រុមហ៊ុនកើនឡើង។ គិតត្រឹមថ្ងៃទី០៧កញ្ញាភាគហ៊ុនក្រុមហ៊ុនរបស់លោកមានតម្លៃជាង៤២០ពាន់លានដុល្លារអាមេរិក។ បើគិតពីទ្រព្យសម្បត្ដិរបស់លោកផ្ទាល់ មានប្រមាណជាង៣៦ពាន់លានដុល្លារអាមេរិក នេះបើតាមការវាយតម្លៃរបស់ទស្សនាវដ្ដីពាណិជ្ជកម្មអាមេរិកForbes៕