ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានបញ្ជាក់ថា គ្រោងរបស់ NASA ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទគឺមិនដូចកាលសម័យបេសកកម្មអាប៉ូឡូឡើយ ដោយលើកនេះក្រុមអវកាសយានិកដែលបញ្ជូនទៅកាន់ទីនោះ នឹងត្រូវស្នាក់នៅរយៈពេលយូរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Bridentine បានលើកឡើងដូច្នេះថា «ក្នុងនាមជាអ្នកគាំទ្រ NASA តាំងតែពីយូរមកហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការនិយាយម្តងទៀត អំពីការបញ្ជូនមនុស្សឲ្យទៅជាន់នៅឋានព្រះច័ន្ទ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ការនិយាយថាយើងនឹងត្រឡប់ទៅកាន់ទីនោះជាថ្មីម្តងទៀតអាចន័យថា យើងនឹងធ្វើរឿងដដែលៗ ដូចកាលពី ៥០ឆ្នាំមុន។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា ចក្ខុវិស័យរបស់យើងគឺពុំដូច្នោះឡើយ»។
លោក Bridenstine បានបន្តថា «យើងនឹងធ្វើដំណើរទៅកាន់ព្រះច័ន្ទ ជាមួយប្រព័ន្ធនិងបច្ចេកវិទ្យាប្រកបដោយគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីធ្វើការរុករកក៏ដូចជាស្រាវជ្រាវនៅទីតាំងកាន់តែច្រើនលើផ្ទៃរបស់វា ដែលយើងធ្លាប់គិតថាអាចធ្វើទៅបាន ហើយលើកនេះ នៅពេលដែលពួកយើងទៅ យើងនឹងស្នាក់នៅរយៈពេលយូរ»។
គួរជម្រាបថា បើតាមប្រធានអង្គការ NASA គោលដៅនៃគម្រោងខាងលើ គឺធ្វើយ៉ាងណាបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ឲ្យបានក្នុងទសវត្សរ៍ខាងមុខ (ឆ្នាំ២០២០-២០៣០) ហើយចាប់ផ្តើមអនុវត្តន៍គម្រោងរបស់ខ្លួន នៅសប្តាហ៍ក្រោយតទៅ៕