ក្រុមហ៊ុន Apple នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មេងប្រុសជំទង់សញ្ជាតិអាមេរិកមួយរូប ដែលជាអ្នករកឃើញកំហុសបច្ចេកទេសកើតមានលើប្រព័ន្ធនៃកម្មវិធី FaceTime។
មានឈ្មោះ Grant Thompson វ័យ ១៤ ឆ្នាំរស់នៅក្នុងរដ្ឋ Arizona កន្លងទៅបានប្រទះឃើញចន្លោះប្រហោង ដោយពេលអ្នក ហៅចេញទៅនរណាម្នាក់តាម FaceTime នោះអ្នកនឹងអាចឭសំឡេងរបស់គេដោយស្វ័យប្រវត្តិ ទោះបីអ្នកម្ខាងទៀតមិនបានចុចទទួលឬបិទក៏ដោយក្តី។
ពុំមានការបង្ហើបពីទំហំប្រាក់រង្វាន់ដែលក្រុមហ៊ុនរបស់លោក Tim Cook នឹងផ្តល់ជូនក្មេងប្រុសជំទង់និងគ្រួសាររបស់គេឡើយ ប៉ុន្តែតាមរបាយការណ៍ក្រៅស្រុកបានសង្កត់ធ្ងន់ថាខាងក្រុមហ៊ុនពិតជាមានគម្រោងប្រគល់ជូនរង្វាន់លើកទឹកចិត្តដើម្បីជួយផ្គត់ផ្គង់ដល់ការសិក្សា។
នេះក៏ឆ្លើយតបទៅនឹងកម្មវិធី Bug Bounty Program របស់ Apple ដែលធ្លាប់បានប្រកាសថាបុគ្គលឬអ្នកជំនាញណាមួយ ដែលអាចរកឃើញចន្លោះប្រហោងធ្ងន់ធ្ងរលើប្រព័ន្ធ iOS ក៏មានឱកាសទទួលប្រាក់រង្វាន់ដល់ទៅ ២០០ ០០០ ដុល្លារ។ ប៉ុន្តែសម្រាប់ករណីក្មេងប្រុស Grant Thompson ពុំមានការបង្ហើបពីតួលេខប្រាក់រង្វាន់ជាក់លាក់នោះឡើយ។
រំឭកថាកន្លងទៅ Apple ក៏ទើបបញ្ចេញប្រព័ន្ធប្រតិបត្តិ iOS 12.1.4 ដើម្បីកែចន្លោះប្រហោងនេះទាំងនៅលើ iPhone និង iPad ជាមួយសារបញ្ជាក់ថា៖ “ផ្តល់ជូនការកែប្រែបន្ថែមប្រព័ន្ធសុវត្ថិភាពដ៏សំខាន់និងផ្តល់យោបល់ឲ្យអ្នករាល់គ្នាធ្វើការ Update”។