កម្ពុជា ត្រូវការលុយវិនិយោគប្រមាណ ១៥០លានដុល្លារ ដើម្បីបង្ហោះផ្កាយរណបជាលើកដំបូងរបស់ខ្លួនទៅកាន់គន្លងផែនដី នៅឆ្នាំ ២០២១ ខាងមុខនេះ។ ផ្កាយរណបនេះអាចមានអាយុកាលយ៉ាងហោច ១៥ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយសិក្ខាសាលាស្តីពី “ការវាស់ស្ទង់តម្រូវការទីផ្សារសម្រាប់គម្រោងបង្ហោះផ្កាយរណប”។
លោកបានលើកពីក្រុមហ៊ុន Royal Blue Skies ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group និងក្រុមហ៊ុន Great Wall Industry Corporation ដែលមានមូលដ្ឋានមកពីប្រទេសចិន កំពុងសិក្សាលទ្ធភាពដើម្បីអភិវឌ្ឍគម្រោងមួយនេះ។
ក្រុមហ៊ុនចិននេះ ធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើគម្រោងបាញ់បង្ហោះផ្កាយរណបជាមួយប្រទេសឡាវ កាលពីឆ្នាំ ២០១៥។ ដូច្នេះការអភិវឌ្ឍគម្រោងនេះអាចនឹងចំណាយពេលឆាប់។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធអគារថ្មី របស់ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បានជំរុញឲ្យលោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ពិចារណាសហការជាមួយក្រុមហ៊ុនបរទេស ក្នុងការបាញ់បង្ហោះផ្កាយរណបនៅកម្ពុជា។
សម្តេចថ្លែងថា ប្រសិនបើកម្ពុជាមានផ្កាយរណប នោះទូរគមនាគមន៍កម្ពុជា និងស្ថានីយទូរទស្សន៍នានា ដែលកំពុងទិញសេវាពីបរទេស នឹងងាកមកប្រើប្រាស់សេវាដែលមាននៅស្រុកខ្មែរវិញ ហើយនិងធ្វើឲ្យប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជា មានល្បឿនលឿន តាមទាន់បច្ចេកវិទ្យាសម័យថ្មី។
ចំណែកឯមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា នៅ ប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួល ដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាម បណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។
អ្នកនាំពាក្យក្រសួងការពារជាតិឯកឧត្តម ឈុំ សុជាតិ បានមានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ វានឹងជួយសម្រួលដល់ការងារបានច្រើន នៅក្នុងវិស័យការពារប្រទេស ពិសេសការគ្រប់គ្រងបានល្អលើផ្នែកសន្តិសុខជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រងបានល្អនូវសន្តិសុខតាមបណ្តាព្រំដែនជាមួយប្រទេសជិតខាង។
បច្ចុប្បន្ននេះ បើសិនត្រូវការតាមដានសន្តិសុខសង្គម ឫក៏បញ្ហាព្រំដែន គឺតម្រូវទិញទិន្នន័យពីផ្កាយរណបបរទេស ដូច្នេះរាល់ការសម្ងាត់ខ្លះៗរបស់យើង ពិបាកក្នុងការលាក់បាំងពីម្ចាស់ប្រព័ន្ធផ្កាយរណបរបស់គេណាស់ ហើយការជួលនោះ ក៏មានតម្លៃខ្ពស់ថែមទៀត៕
