ប្រធានជាន់ខ្ពស់ពីររូបរបស់ក្រុមហ៊ុន Facebook បានប្រកាសព្រមគ្នាពីការលាលែងពីតំណែង ក្រោយចំណាយពេលច្រើនឆ្នាំជួយជ្រោមជ្រែងបណ្តញសង្គមយក្សឲ្យជោគជ័យទល់សព្វថ្ងៃ។
ក្នុងនោះមានអ្នកស្រី Caryn Marooney បានប្រកាសកាលពីថ្ងៃពុធលាឈប់ពីតំណែងជាប្រធានផ្នែកទំនាក់ទំនង បន្ទាប់ពីចាយពេល ៨ ឆ្នាំនៅ Facebook និងបច្ចុប្បន្នកំពុងសិក្សាជាមួយនាយកប្រតិបត្តិលោក Mark Zuckerberg ដើម្បីរកអ្នកថ្មីមកជំនួស។
អ្នកស្រីបាននិយាយថា៖ “មានរឿងល្អជាច្រើនបានកើតឡើងលើ Facebook និងបណ្តុំកម្មវិធីទាក់ទងជារៀងរាល់ថ្ងៃ ហើយបញ្ហាដែលកំពុងប្រឈម យើងបានមានផែនការនិងមនុស្សដ៏សក្ដិសមសម្រាប់ធ្វើការលើរឿងនោះហើយ”។
ចំណែកអនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនងសកលនិងកិច្ចការសាធារណៈអ្នកស្រី Debbie Forst ក៏បញ្ជាក់ពីការលាឈប់ជាមួយបំណងត្រៀមចាកចេញនាខែមិនាខាងមុខ ក្រោយចំណាយពេលជិត ១១ ឆ្នាំជាមួយក្រុមការងារ។
អតីតឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោក Nick Clegg កន្លងទៅក៏ត្រូវបាន Facebook ជួលឲ្យមកបម្រើការជាប្រធានផ្នែកគ្រប់គ្រងកិច្ចការសកលនិងទំនាក់ទំនង ហើយក៏រំពឹងនឹងមកជួសតំណែងរបស់អ្នកស្រី Marooney បន្ទាប់ពីចាកចេញ។

