នៅក្នុងប្រទេសថៃ គណៈកម្មការសោតទស្សន៍បានប្រកាសនាថ្ងៃអង្គារ ទី១២ កុម្ភៈពីការផ្អាកការផ្សាយរបស់កាណាល់ទូរទស្សន៍ Voice TV រយៈពេល ១៥ថ្ងៃ។ Voice TV ជាទូរទស្សន៍របស់កូនលោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីធ្លាក់ពីអំណាចដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។ ការសម្រេចនេះត្រូវបានគណៈកម្មការសោតទស្សន៍ពន្យល់ថា មកពី Voice TV បានរំលោភច្រើនដងលើច្បាប់សោតទស្សន៍របស់ប្រទេស។ តែក្រុមអ្នកវិភាគបានមើលឃើញថា វិធានការមួយនេះជាការតាមដាក់គំនាបលើក្រុមអ្នកគាំទ្រលោកថាក់ស៊ីនក្នុងពេលដែលការរៀបចំបោះឆ្នោតខិតចូលកាន់តែជិត ពោលនៅថ្ងៃទី២៤ មីនាខាងមុខ។
ការប្រកាសព្យួរការផ្សាយរបស់ទូរទស្សន៍ Voice TV រយៈពេល ១៥ថ្ងៃត្រូវបានធ្វើឡើងដោយលោកភីរ៉ាផុង ម៉ាណាគីត សមាជិកម្នាក់នៃគណៈកម្មការសោតទស្សន៍នៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោកម៉ាណាគីតបានលើកយកហេតុផលទៅពន្យល់ថា មានកម្មវិធីជាច្រើនរបស់ Voice TV អាចមានលក្ខណៈញុះញង់ឲ្យមានចលាចលក្នុងប្រទេសចំពេលដែលការរៀបចំបោះឆ្នោតកាន់តែខិតចូលជិតមកដល់។ ទន្ទឹមគ្នានេះ លោកម៉ាណាគីតក៏បានព្រមានទុកជាមុនថា បើទូរទស្សន៍របស់កូនលោកថាក់ស៊ីនមួយនេះនៅតែបន្តប្រពឹត្តកំហុសឆ្គងដដែល គណៈកម្មការសោតទស្សន៍នឹងបន្តពន្យាពេលផ្អាកការផ្សាយបន្ថែមទៀត និងអាចឈានទៅបិទកាណាល់ទូរទស្សន៍ Voice TV ទាំងស្រុងតែម្តង។
លោកមេគីន ប៉េតផ្លៃ អគ្គនាយកទូរទស្សន៍ Voice TV បានប្រាប់ឲ្យដឹងថា តាំងពីក្រោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០១៤ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីនមក Voice TV ដែលជារបស់កូនលោកថាក់ស៊ីនត្រូវបានគណៈកម្មការសោតទស្សន៍ផ្អាកការផ្សាយចំនួន ៤លើក និងថា លោកនឹងដាក់ពាក្យប្តឹងគណៈកម្មការសោតទស្សន៍ទៅកាន់តុលាការរដ្ឋបាល។ អ្វីជាការកត់សម្គាល់ ការប្រកាសព្យួរការផ្សាយរបស់ទូរទស្សន៍ Voice TV បានធ្លាក់មក ចំពេលដែលភាពតានតឹងហាក់បានកក្រើកឡើងវិញនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅរវាងក្រុមយោធាដែលកំពុងកាន់អំណាច និងក្រុមសកម្មជនគាំទ្រលោកថាក់ស៊ីន។
ក្នុងថ្ងៃសុក្រ ទី៨ កុម្ភៈ គណបក្សថៃរ៉ាក់សាឆាតដែលជាគណបក្សសម្ព័ន្ធមិត្តរបស់លោកថាក់ស៊ីនបានប្រកាសបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់ព្រះម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ដែលជាបុត្រីច្បងរបស់អតីតព្រះមហាក្សត្រ។ តែក្រោយពីមានប្រតិកម្មខ្លាំងៗពីព្រះមហាក្សត្រមក ម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ក៏សម្រេចដកបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្រ្តីចេញវិញ។ តែទោះជាយ៉ាងនេះក្តី គណៈកម្មការជាតិរៀបចំការបោះឆ្នោតកំពុងពិនិត្យមើលថា តើការដែលគណបក្សថៃរ៉ាក់សាឆាតបានយកសមាជិករាជវង្សសានុវង្សម្នាក់ឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីអាចខុសនឹងច្បាប់រដ្ឋធម្មនុញ្ញឬអត់។ បើខុសមែន នោះគណបក្សថៃរ៉ាក់សាឆាតអាចប្រឈមនឹងការរំលាយ ហើយបើត្រូវរំលាយមែន នោះជាការសំពងមួយពំនូងយ៉ាងចាស់ដៃលើក្រុមសកម្មជនលោកថាក់ស៊ីនដែលសង្ឃឹមវិលត្រឡប់ចូលក្នុងឆាកនយោបាយជាថ្មី។
សម្រាប់ការបោះឆ្នោតដែលគ្រោងរៀបចំនៅថ្ងៃទី២៤ មីនាខាងមុខ មានបេក្ខជននាយករដ្ឋមន្រ្តីចំនួន ៦៩នាក់មកពី ៤៥គណបក្សនយោបាយត្រូវបានគណៈកម្មការជាតិរៀបចំការបោះឆ្នោតអនុម័តទទួលយក ក្នុងនោះ ក៏មានមេដឹកនាំរបបសឹកលោកប្រាយុទ្ធ ចាន់អូចាម្នាក់ដែរ៕
