ចំណូលពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Apple បានកើនឡើងកាលពីឆ្នាំទៅ ហើយក៏រំពឹងនឹងនៅតែបន្តកើនឡើងបន្ថែមទៀតនាឆ្នាំ ២០១៩ នេះ។ យោងតាមការព្យាករណ៍ពី Goldman Sachs បានឲ្យដឹងថាកន្លងទៅចំណូលមួយភាគប្រាំរបស់ក្រុមហ៊ុនយក្សអាមេរិក Apple បានកើបចេញពី Google។
ក្នុងនោះគឺទំហំចំណូលប្រមាណ ៩ ទៅ ១០ ពាន់លានដុល្លារ ដែល Google បានផ្តល់ជូន Apple ជាថ្នូរទិញសិទ្ធឲ្យសេវាកម្ម Search Engine (Google) របស់ខ្លួនលោតជាការកំណត់ដោយស្វ័យប្រវត្តិក្នុងកម្មវិធីរុករកលើអ៊ីនធឺណិតនៃឧបករណ៍ iOS។
ការទូទាត់ថ្លៃចំណាយនេះក៏នឹងប្រាកដថា Google អាចទាញផលចំណេញពីក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino ជៀសវាង Apple ផ្តល់សិទ្ធឲ្យគូប្រជែងនៃសេវាកម្ម Search Engine របស់ក្រុមហ៊ុនដទៃ។ ជារួមប្រសិនណា Google បដិសេធ ក្រុមហ៊ុនរបស់លោក Tim Cook ក៏អាចនឹងបង្វែរការចាប់អារម្មណ៍ទៅសហការជាមួយ Microsoft លើការទទួលយក Bing មកវិញក៏ថាបាន។
