សហភាពអឺរ៉ុប កាលពីថ្ងៃពុធ ម្សិលមិញនេះបានស្នើដាក់បញ្ចូលឈ្មោះប្រទេសចំនួន៧ ដែលក្នុងនោះមានទាំងអារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ាផងដែរ ទៅក្នុងបញ្ជីខ្មៅប្រទេសលាងលុយកង្វក់។ ក្រោយបានដឹងអំពីការស្នើនេះ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងនូវការសោកស្តាយជាខ្លាំងនិងថាសហភាពអឺរ៉ុបមិនគួរដាក់ប្រទេសខ្លួន ក្នុងបញ្ជីខ្មៅនោះទេ។
ចំណាត់ការថ្មី ដែលសហភាពអឺរ៉ុប ដាក់ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើនភាពតានតឹងមួយកម្រិតទៀត រវាងបណ្តាប្រទេសអឺរ៉ុប និងរដ្ឋាភិបាលទីក្រុងរីយ៉ាដ ដែលកំពុងតែមាននឹងគ្នាស្រាប់។ ជាភាពតានតឹង ពាក់ព័ន្ធនឹងឃាតកម្មទៅលើអ្នកកាសែត Jamal Khashoggi ដែលបានកើតឡើងកាលពីឆ្នាំទៅមិញ។
គួរជម្រាបថា នៅថ្ងៃពុធ ទី១៣ កុម្ភៈ សហភាពអឺរ៉ុប បាននិយាយថាប្រទេសចំនួន៧ ក្នុងនោះមានអារ៉ាសាអូឌីតដែរត្រូវបានស្នើសុំឲ្យបញ្ចូលទៅក្នុងបញ្ជីខ្មៅប្រទេសលាងលុយកខ្វក់ដោយសារតែប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ចរាចរណ៍លុយកខ្វក់។ ចរាចរណ៍លុយកខ្វក់ដែលជួយទ្រទ្រង់ដល់ដំណើរការធ្វើភេវរកម្ម និងបទឧក្រិដ្ឋផ្សេងៗ។
ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ថាវិធានការថ្មីរបស់ខ្លួននេះ មិនមែនជាការដាក់ទណ្ឌកម្មអ្វីទៅលើប្រទេសអារ៉ាប៊ីសាអូឌីតពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកកាសែត Khashoggi នោះទេ។ ប៉ុន្តែនេះជារឿងដែលធនាគារកណ្តាលសហភាពអឺរ៉ុបត្រូវធ្វើ ដើម្បីរឹតបណ្តឹងការត្រួតពិនិត្យលើចរាចារណ៍លុយរបស់អ្នកប្រើប្រាស់ និងស្ថាប័ននានានៅក្នុងប្រទេសទាំងអស់នោះ។
ទាក់ទងរឿងនេះដែរ អារ៉ាសាអូឌីតមានសម្តែងនូវអាម្មណ៍សោកស្តាយជាខ្លាំង និងហាក់មិនអស់ចិត្តទាល់តែសោះ ចំពោះការលើកឡើងរបស់សហភាពអឺរ៉ុប ដែលថាអារ៉ាប៊ីសាអ៊ូឌីត គួរត្រូវដាក់ក្នុងបញ្ជីខ្មៅប្រទេសប្រឈមខ្លាំងបំផុត ដែលសម្បូរអ្នកទៅលាងលុយកខ្វក់។
ជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លោកម៉ូហាម៉េត អាល់ហ្សាដាន់ បាននិយាយថានៅគ្រាកន្លងមករដ្ឋាទីបាលទីក្រុងរីយ៉ាដខិតខំប្រឹងប្រែងខ្លាំងសម្បើមណាស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការលាងលុយកខ្វក់នៅក្នុងប្រទេស។
លោកអាល់ហ្សាដាន់ បន្តថាអារ៉ាប៊ីសាអូឌីតបានដាក់ការរាំងខ្ទប់ចរារណ៍លុយកខ្វក់ ជាយុទ្ធសាស្ត្រចំបងរបស់ប្រទេស និងអះអាងទៀតថារដ្ឋាទីបាលទីក្រុងរីយ៉ាដកំពុងតែពង្រឹង និងបង្កើននូវក្របខណ្ឌច្បាប់ដើម្បីបង្ក្រាបការលាងលុយកខ្វក់នៅក្នុងប្រទេសប្រកបដោយជោគជ័យនៅពេលអនាគត៕
