តួកគីមិនប្តូរចិត្តទេ ! តួកគីនៅតែរក្សាកិច្ចសន្យាទិញមីស៊ីលS-៤០០ពីរុស្ស៊ីដដែល ទោះបីជាសហរដ្ឋអាមេរិកដាក់សម្ពាធយ៉ាងណាក៏ដោយ ! នេះបើតាមការគូសបញ្ជាក់របស់លោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍ទី១៦កុម្ភៈ ២០១៩នេះ ក្នុងពេលធ្វើដំណើរទៅចូលរួមជំនួបកំពូលជាមួយអ៊ីរ៉ង់និងរុស្ស៊ី នៅស៊ុតឈី Sotchi។
រដ្ឋបាលលោកដូណាល់ ត្រាំ បានដាក់កំរិត ក្រៅផ្លូវការ និងទុកពេលឱ្យតួកគី រហូតដល់ថ្ងៃទី ១៥ កុម្ភៈ ក្នុងការសម្រេចចិត្តបោះបង់កិច្ចសន្យាទិញមីស៊ីលពីរុស្ស៊ី។ កិច្ចសន្យាតម្លៃជាង ២៥០០លានដុល្លារដែលតួកគីនិងរុស្ស៊ី បានចុះហត្ថលេខា កាលពីចុងឆ្នាំ២០១៧ ជាមួយនឹងគម្រោងប្រគល់មីស៊ីលនៅខែកក្កដា ២០១៩ខាងមុខនេះ។ ប៉ុន្តែប្រធានាធិបតីតួកគី មិនបានយកត្រចៀកស្តាប់សារបែបគំរាមរបស់អាមេរិកឡើយ !
“តួកគីបានចុះកិច្ចសន្យាទិញមីស៊ីលS-៤០០ ជាមួយរុស្ស៊ីរួចរាល់ហើយ ដូច្នេះគ្មានហេតុផលអ្វីដែលតួកគីត្រូវសើរើវិញទេ។ នេះជាប្រសាសន៍របស់លោក អ៊ែរដូហ្កាន ដោយគូសបញ្ជាក់ថា តួកគីក៏ចង់ទិញមីស៊ីលPatriotអាមេរិកដែរ ប្រសិនបើកិច្ចសន្យាទិញជាមួយអាមេរិកអាចផ្តល់ប្រយោជន៍ឱ្យប្រទេសតួកគី ដូចជាតួកគីមានចំណែកផលិតរួមគ្នា ផ្តល់ភាពងាយស្រួយក្នុងការបង់ប្រាក់ ហើយរយៈពេលនៃការប្រគល់ទំនិញខ្លី។
បើតាមលោកអ៊ែរដូហ្កាន ពេលនេះអាមេរិកនិងតួកគីកំពុងចរចាគ្នាត្រង់ចំណុចផលិតកម្ម និងថ្ងៃប្រគល់មីស៊ីលនោះឯង។ ប៉ុន្តែខាងសហរដ្ឋអាមេរិកវិញ ថ្វីបើវ៉ាស៊ីនតោន មើលឃើញអំពីចំនុចវិជ្ជមាននៃកាលបរិច្ឆេទប្រគល់មីស៊ីលមែន ប៉ុន្តែអាមេរិកមិនពេញចិត្តនឹងសំណើពីរទៀតរបស់តួកគីឡើយ។
ជាផ្លូវការ កិច្ចចរចាទិញមីស៊ីលPatriotអាមេរិក តម្លៃ ៣៥០០លានដុល្លារ ត្រូវផុតពេលនៅថ្ងៃទី ៣១មីនាខាងមុខ ហើយបើអាចចេញរួច ក៏ទំនងជានឹងត្រូវសភាអាមេរិកប្រឆាំងជំទាស់ទៀត ព្រោះអាមេរិកមិនពេញចិត្តនឹងឃើញតួកគីជាសមាជិកអូតង់ទិញមីស៊ីលរបស់រុស្ស៊ី ជាគូប្រជែងឡើយ។ អាមេរិកធ្លាប់បានព្រមានអង់ការ៉ាហើយថា រក្សាកិច្ចសន្យាជាមួយម៉ូស្គូ អាចនឹងប៉ះពាល់ដល់ការចង់បញ្ជាទិញយន្តហោះចម្បាំងF-៣៥ពីក្រុមហ៊ុនLockheed Martin អាមេរិក ព្រមទាំងការស្តារទណ្ឌកម្មអាមេរិកប្រឆាំងនឹងតួកគីឡើងវិញផង។
អាមេរិកត្រូវប្រគល់យន្តហោះចម្បាំងប៉ុន្មានគ្រឿងដំបូងមកឱ្យតួកគី តាំងខែមិថុនា ២០១៨ ប៉ុន្តែយន្តហោះទាំងនោះមិនទាន់បានចាកចេញពីទឹកដីអាមេរិកទេ ដោយត្រូវរង់ចាំឱ្យអ្នកបើកបរតួកគី បានទទួលការបណ្តុះបណ្តាលចប់សិន។ ការបណ្តុះបណ្តាលអាចប្រើពេល មួយទៅពីរឆ្នាំ៕
