មានហេតុការណ៍បាញ់រះមួយករណីទៀតហើយ នៅសហរដ្ឋអាមេរិក នៅរសៀលថ្ងៃសុក្រមិញ ! មានស្លាប់យ៉ាងហោច៥នាក់ និងប៉ូលិសរបួសជាច្រើននាក់ នៅក្នុងការបាញ់រះមួយ ក្នុងតំបន់ឧស្សាហកម្ម ជាយទីក្រុងស៊ីកាហ្កោ។ ខ្មាន់កាំភ្លើង អាយុ៤៥ ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅកន្លែងកើតហេតុ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១កន្លះថ្ងៃត្រង់ ម៉ោងនៅសហរដ្ឋអាមេរិក នៅក្នុងឃ្លាំងនៃក្រុមហ៊ុនឧស្សាហកម្មមួយ។ គ្រាន់តែប៉ូលិសបានចូលមកដល់ ខ្មាន់កាំភ្លើងបានបាញ់រះ ដោយគ្មានសំចៃចៃ និងបានធ្វើឱ្យភ្នាក់ងារប៉ូលិស៥នាក់រងរបួស។ នៅពេលប៉ូលិសមួយក្រុមផ្សេងទៀត កំណត់ទីតាំងរបស់ខ្មាញ់កាំភ្លើងបានហើយ ក៏សម្រេចបាញ់សម្លាប់ជននោះទេម្តង។ នេះបើតាមការរៀបរាប់របស់មេប៉ូលិសស្រុក ដោយអះអាងថាមានជនរងគ្រោះរង៥នាក់បានស្លាប់ ប៉ុន្តែគ្មានការបញ្ជាក់ឡើយថាតើក្នុងចំណោមនោះមានប៉ូលិសបានបាត់បង់ជីវិតដែរឬក៏អត់ទេ។
បើតាមប៉ូលិស ខ្មាន់កាំភ្លើងមានឈ្មោះថា Gary Martin អាយុ៤៥ឆ្នាំ និងធ្លាប់ជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Henry Pratt Company នៅ Aurora នេះ តាំងពី១៥ឆ្នាំមកហើយ។ ជននេះទើបត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយថាតើ ខ្មាន់កាំភ្លើងមានអាវុធជាប់នឹងខ្លួន ហើយបើកការបាញ់រះ នៅពេលទទួលដំណឹងស្តីអំពីការបញ្ឈប់ការងារ ឬក៏ជននេះបានទៅស្វែងរកអាវុធហើយត្រលប់មកធ្វើការបាញ់រះសងសឹកវិញ។
ភ្លាមមួយរំពេច លោកប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហោះសារស្វាគមន៍ស្នាដៃការងាររបស់ប៉ូលិស និងសារចែករំលែកក្តីក្រៀមក្រំ ជាមួយគ្រួសារជនរងគ្រោះ។ “ថ្ងៃនេះជាថ្ងៃដ៏សោកសៅ ! និងគួរឱ្យខ្មាសអៀនណាស់ ដែលការបាញ់រះលើមនុស្សទាំងហ្វូងបានក្លាយជាទម្លាប់របស់ប្រទេស!” នេះជាប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានរបស់លោកអភិបាលក្រុងAurora។ ក្រុងដែលមានមនុស្សរស់នៅជាងម្ភៃម៉ឺននាក់។
សូមបញ្ជាក់ថា ការបាញ់រះនេះបានកើតឡើងចំថ្ងៃមួយខួបគត់នៃការបាញ់រះនៅក្នុងវិទ្យាល័យមួយនៅ Parkland រដ្ឋផ្លរីដា ដែលកាលណោះមានសិស្សានុសិស្ស១៧នាក់បានបាត់បង់ជីវិត។ ហើយអ្វីជាការគួរឱ្យចាប់អារម្មណ៍ នៅមុនហេតុការណ៍នេះបានកើតតែប៉ុន្មានម៉ោងក្រោយពីប្រធានសភាបក្សប្រជាធិបតេយ្យទើបបានស្រែកបន្ទោសលោកដូណាល់ ត្រាំថា “ភាពបន្ទាន់ជាតិគឺការរាតត្បាតនៃជំងឺហិង្សាប្រើអាវុធក្នុងប្រទេស មិនមែនស្ថានភាពនៅតាមព្រំដែនទេ”៕
