នៅថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ ក្រុមហ៊ុនផលិតយន្តហោះអ៊ែរប៊ូស (Airbus) បានប្រកាសបញ្ឈប់កម្មវិធីផលិតយន្តហោះធុន A៣៨០ ហើយការប្រគល់ទៅឲ្យអតិថិជនចុងក្រោយនឹងបញ្ចប់ក្នុងឆ្នាំ ២០២១។ មូលហេតុ មកពីមិនសូវមានទីផ្សារ ហើយអតិថិជនដែលបានចុះកិច្ចសន្យាទិញរួចហើយក៏បានកាត់បន្ថយបរិមាណកម្ម៉ង់ទិញរបស់ខ្លួនវិញ ពិសេសគឺក្រុមហ៊ុនអាកាចរណ៍ Emirates របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
គួររម្លឹកជូនថា ក្រុមហ៊ុនអ៊ែរប៊ូសបានចាប់ផ្តើមកម្មវិធីផលិតយន្តហោះធុន A៣៨០ ក្នុងឆ្នាំ ២០០០ រួចបានហោះសាកល្បងលើកទី១ ក្នុងឆ្នាំ ២០០៥ និងបានប្រគល់ទៅឲ្យក្រុមហ៊ុន Singapour ហោះហើរជាផ្លូវការក្នុងឆ្នាំ ២០០៧។ ក្រុមហ៊ុនអ៊ែរប៊ូសបានបញ្ជាក់ពីការទទួលបានកុងត្រាកម្ម៉ង់ទិញ A៣៨០ សរុបចំនួន ៣២១គ្រឿង និងមាន ២៣២គ្រឿងកំពុងធ្វើចរាចរណ៍សព្វថ្ងៃ។
ការប្រកាសបញ្ឈប់កម្មវិធីផលិតយន្តហោះធុន A៣៨០ របស់ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) ពេលនេះជាព័ត៌មានដែលគេបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមក។ ហេតុផលនៃការបញ្ឈប់កម្មវិធីផលិត A៣៨០ អាចមានច្រើនដោយផ្តើមចេញពីតម្លៃរបស់វាថ្លែជ្រុលដែលតម្លៃផ្តើមពី ៤៤០លានដុល្លារក្នុងមួយគ្រឿង ស៊ីសាំងច្រើនជាមួយម៉ូទ័រចំនួន ៤គ្រឿង និងហាក់លែងឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារសព្វថ្ងៃ។ ក៏ប៉ុន្តែ ហេតុផលចម្បង និងតែមួយគត់ដែលបានជំរុញឲ្យក្រុមហ៊ុនអ៊ែរប៊ូសដាច់ចិត្តបញ្ឈប់កម្មវិធីផលិត A៣៨០ ពេលនេះ គឺមកពីក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានកាត់បន្ថយបរិមាណកម្ម៉ង់ទិញរបស់ខ្លួនវិញ។
នៅក្នុងកុងត្រាកម្ម៉ង់ទិញដែលបានចុះហត្ថលេខារួចហើយ ក្រុមហ៊ុន Emirates បានកម្ម៉ង់ទិញ A៣៨០ ចំនួន ៥៣គ្រឿងបន្ថែម តែបានសម្រេចទិញតែ ១៤គ្រឿងវិញ។ ក្រោមភ្នែក ច្រមុះរបស់ក្រុមហ៊ុនអ៊ែរប៊ូស ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាអតិថិជនសំខាន់ជាងគេសម្រាប់ A៣៨០។ តាំងពីថ្ងៃចាប់កំណើតមកដល់ថ្ងៃសម្រេចបញ្ឈប់ពេលនេះ ក្រុមហ៊ុនអ៊ែរប៊ូសទទួលបានការកម្ម៉ង់ទិញ A៣៨០ សរុបចំនួន ៣២១គ្រឿង ក្នុងនោះ ក្រុមហ៊ុន Emirates ម្នាក់ឯងទិញដល់ទៅ ១២៣គ្រឿង។ តែទន្ទឹមនឹងការបន្ថយចំនួនទិញ A៣៨០ ក្រុមហ៊ុន Emirates បានងាកទៅកម្ម៉ង់ទិញយន្តហោះអ៊ែរប៊ូសធុនផ្សេងវិញ ពិសេស A៣៣០neo ចំនួន ៤០ និង A៣៥០ ចំនួន ៣០គ្រឿងដែលមានទឹកប្រាក់ ២១ ៤០០លានដុល្លារ។
អឺរ៉ុបចង់យក A៣៨០ ទៅសម្លាប់ប៊ូអ៊ីង៧៤៧ របស់អាមេរិក
ការបញ្ឈប់កម្មវិធីផលិតយន្តហោះធុន A៣៨០ ពេលនេះមិនមែនជាការក្ស័យធនរបស់ក្រុមហ៊ុនអ៊ែរប៊ូសទេ។ ផ្ទុយទៅវិញ វាអាចជាយុទ្ធសាស្រ្តពាណិជ្ជកម្មមួយដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ និងតម្រូវការជាក់ស្តែងរបស់ពិភពលោកបច្ចុប្បន្ន។ ជាមួយនឹងកម្មវិធីផលិតយន្តហោះ A៣៨០ ក្រុមហ៊ុនអ៊ែរប៊ូសពិតជាមានមោទនភាពក្រៃលែងព្រោះ A៣៨០ ជាប្រភេទយន្តហោះធំជាងគេបង្អស់លើលោកដែលអាចដឹកអ្នកដំណើរបានពី ៥៧៥នាក់ទៅ ៨៥០នាក់ និងជាប្រភេទយន្តហោះដែលមានបំពាក់ដោយបច្ចេកវិទ្យាទំនើប។ តាមពិតទៅ ក្រុមហ៊ុនអ៊ែរប៊ូសបានផលិតយន្តហោះ A៣៨០ នេះឡើងដើម្បីប្រជែងទល់នឹងយន្តហោះប៊ូអ៊ីងធុន ៧៤៧ របស់អាមេរិក ឬអាចនិយាយបែបផ្សេងថា ដើម្បីសម្លាប់ប៊ូអ៊ីងធុន ៧៤៧របស់អាមេរិកាំង។
កម្មវត្ថុរបស់ក្រុមហ៊ុនអ៊ែរប៊ូស គឺដាក់ឲ្យចរាចរណ៍ A៣៨០ ចំនួន ១ ៤០០គ្រឿងនៅលើទីផ្សារពិភពលោកក្នុងចន្លោះឆ្នាំ ២០០០ និង ២០២០។ តែជាង ១០ឆ្នាំក្រោយមក មហិច្ឆតាហាក់នៅឆ្ងាយសែនឆ្ងាយ ព្រោះជាង ១០ឆ្នាំក្រោយមក ក្រុមហ៊ុនអ៊ែរប៊ូសទទួលបានការកម្ម៉ង់ទិញសរុបតែ ៣២១គ្រឿង និងបានចំណាយលុយផលិតអស់ជាង ២០ ០០០លានដុល្លារ។ បច្ចុប្បន្ន មាន A៣៨០ តែចំនួន ២៣២គ្រឿងកំពុងធ្វើចរាចរណ៍ មានន័យថា ក្រុមហ៊ុនអ៊ែរប៊ូសបានខាតលុយពីកម្មវិធី A៣៨០។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអ៊ែរប៊ូសហាក់មានម៉ូយដុំតែមួយ គឺក្រុមហ៊ុន Emirates ដែលបានទិញ និងកម្ម៉ង់ទិញសរុបចំនួន ១២៣គ្រឿងដោយបានចំណាយលុយអស់ ១៣ ២០០លានដុល្លារ។
គួរបញ្ជាក់ថា A៣៨០ មួយគ្រឿងមានតម្លៃចាប់ពី ៤៤០លានដុល្លារឡើងទៅ។ ឃើញថា មោទនភាពពិតជាមាន ហើយមហិច្ឆតាក៏មានដែរ តែនេះជាមុខជំនួញមួយដែលក្រុមហ៊ុនអ៊ែរប៊ូសមិនអាចមើលស្រាលបានទេ ព្រោះចូរកុំភ្លេចថា ក្នុងពេលដែលក្រុមហ៊ុនអ៊ែរប៊ូសបានព្យាយាមយក A៣៨០ ទៅសម្លាប់ប៊ូអ៊ីង ៧៤៧ របស់អាមេរិកាំង ក្រុមហ៊ុនប៊ូអ៊ីងក៏មិនបានឈរឱបដៃនៅស្ងៀមដែរដោយបានផលិតចេញនូវប៊ូអ៊ីងថ្មីធុន ៧៨៧ និងធុន ៧៧៧។
ក្រុមហ៊ុនអ៊ែរប៊ូសនៅចំណេញលុយ តែបានប៉ះពាល់ដល់បុគ្គលិកពី ៣ ០០០ ទៅ ៣ ៥០០នាក់
ទន្ទឹមគ្នានឹងការប្រកាសបញ្ឈប់កម្មវិធីផលិតយន្តហោះធុន A៣៨០ ក្រុមហ៊ុនអ៊ែរប៊ូសក៏បានប្រកាសឲ្យដឹងពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៨ កន្លងទៅ។ លទ្ធផលគឺល្អ ព្រោះក្រុមហ៊ុនអ៊ែរប៊ូសទទួលបានប្រាក់ចំណេញកើនឡើងចំនួន ២៩% ពោលមានទឹកប្រាក់ ៣ ០០០លានដុល្លារ។ ស្របគ្នានេះ ប្រាក់ចំណូលក្នុងឆ្នាំ ២០១៨ ក៏បានកើនបន្ថែមចំនួន ៨% ពោលមានទឹកប្រាក់ ៦៣ ៧០០លានដុល្លារ។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនបិទសៀវភៅទទួលការកម្ម៉ង់ទិញយន្តហោះ A៣៨០ តែបន្តបើកសៀវភៅទទួលការកម្ម៉ង់ទិញយន្តហោះធុនផ្សេង ដូចយ៉ាង A៣៣០neo និង A៣៥០។ ក្នុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនអ៊ែរប៊ូសគ្រោងប្រគល់យន្តហោះគ្រប់ធុនពី ៨៨០ ទៅ ៨៩០គ្រឿង។
បើនិយាយពីផលវិបាកហិរញ្ញវត្ថុគឺគ្មានទេ តែការប្រកាសបញ្ឈប់កម្មវិធីផលិតយន្តហោះធុន A៣៨០ ពេលនេះអាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់បុគ្គលិកពី ៣ ០០០ ទៅ ៣ ៥០០នាក់ចាប់ពីពេលនេះទៅ ៣ឆ្នាំខាងមុខ។ តែក្រុមហ៊ុនអ៊ែរប៊ូសបានធានាថា បុគ្គលិកពាក់ព័ន្ធទាំងនេះនឹងមិនត្រូវបណ្តេញចេញទេ។ អ្នកណាចង់ចេញអាចចរចាចេញបាន ចំណែកអ្នកមិនចង់ចេញនឹងត្រូវប្តូរទៅធ្វើការនៅកន្លែងផ្សេងវិញ៕
