ប្រទេសចិន តាមសេចក្តីរាយការណ៍ បានច្រានចោលសំណើ របស់អធិការបតីអាល្លឺម៉ង់ Angela Merkel លោកស្រី ឲ្យចូលរួម ក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធ បង្កើតឡើង កាលពីសម័យសង្គ្រាមត្រជាក់ ដែលអាមេរិក ចោទប្រកាន់រុស្ស៊ី ពីបទប្រព្រឹត្តបំពាន ដោយនិយាយថា វានឹងដាក់កំហឹត មិនយុត្តិធម៌ លើយោធាចិន។
លោកស្រី Merkel បាននិយាយប្រាប់សន្និសីទ សន្តិសុខមួយថា “លុបបំបាត់អាវុធ គឺជារឿងដែលធ្វើឲ្យយើងទាំងអស់ គ្នាព្រួយបារម្ភ ហើយយើងពិតជារីករាយ ប្រសិនបើកិច្ចពិភាក្សាបែបនេះ ត្រូវបានប្រារព្ធធ្វើឡើង មិនត្រឹមតែ រវាងសហរដ្ឋអាមេរិក អឺរ៉ុប និងរុស្ស៊ីនោះទេ ប៉ុន្តែក៏ជាមួយ នឹងប្រទេសចិនផងដែរ”។
គួរបញ្ជាក់ថា ដោយភ័យខ្លាច ចំពោះការប្រជែងអាវុធនុយក្លេអ៊ែគ្នា រវាងប្រទេសចិន ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក្រោយការស្រុតចុះ នៃសន្ធិសញ្ញានុយក្លេអ៊ែ INF ដែលសហរដ្ឋអាមេរិក នឹងដកខ្លួនចេញនោះ អធិការបតីអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវ ឲ្យមានសន្ធិសញ្ញាសកលមួយ៕
