បន្ទាប់ពីសហរដ្ឋអាមេរិកព្យាយាមដាក់ក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅ ស្ថាបនិកក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនមួយនេះ បានចេញមុខអះអាងថាពិភពលោកចៀសមិនប្រើបច្ចេកវិទ្យាដ៏ទំនើប និងឈានមុនគេរបស់ Huawei បានឡើយ។ លោកបន្តទៀតថា សហរដ្ឋអាមេរិក មិនមែនជាពិភពលោកទាំងមូលនោះទេ ហើយក៏គ្មានអ្វីមករារាំងដំណើរឆ្ពោះទៅមុខរបស់ Huawei បានឡើយ។
“គ្មានផ្លូវឡើយ ដែលអាមេរិកអាចផ្តួលរំលំ Huawei បាន”។ នេះ គឺជាការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុន Huawei លោកយិន ចឹងហ្វី (Ren Zhengfei) នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័តមានអង់គ្លេស BBC ដោយបញ្ជាក់ទៀតថា ពិភពលោកក្នុងវិស័យបច្ចេកវិទ្យាមិនអាចខ្វះ Huawei បានឡើយ ពីព្រោះថា Huawei មានបច្ចេកវិទ្យាឈានមុនគេ។
ទន្ទឹមគ្នានេះ លោកយិន ក៏បានបរិហារផងដែរចំពោះការចាប់ខ្លួនកូនស្រីរបស់លោក គឺអ្នកស្រីម៉េង វ៉ាន់ចូវ នៅក្នុងប្រទេសកាណាដាកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។ អ្នកស្រីម៉េង វ៉ាន់ចូវ ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ដែលកាលណោះត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរកាដាណាទៅតាមសំណើរបស់អាមេរិកពាក់ព័ន្ធនឹងការប្រឆាំងទៅនឹងទណ្ឌកម្មរបស់អាមេរិកលើប្រទេសអ៊ីរ៉ង់។
ទាក់ទងរឿងនេះដែរ ស្ថានិកក្រុមហ៊ុន Huawei វ័យ ៧៤ គឺលោកយិន បានបដិសេធទាំងស្រុង ចំពោះរាល់ការចោទប្រកាន់។ លោកក៏បានអះអាងទៀតថា ដោយសារតែពេលនេះ គេទាញឲ្យលោកដើរដល់ផ្លូវនេះដូច្នេះហើយលោកនឹងតតាំងវិញតាមផ្លូវច្បាប់-តុលាការ។
សូមជ្រាបថា លោកយិន ជាមនុស្សមិនចូលចិត្ត ចេញមុខតាមសារព័ត៌មាននោះទេ ក៏ប៉ុន្តែគេឃើញរូបលោក ចេញមុខនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ ជាមួយនឹងបណ្តាញព័ត៌មាន BBC ដោយសារតែនៅប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Huawei ជួបបញ្ហាជាច្រើន។ ជាបញ្ហា ដែលរងការចោទប្រកាន់ពីសំណាក់អាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត លើករណីចារកម្ម និងយុទ្ធនាការរបស់អាមេរិកក្នុងការបញ្ចុះបញ្ចូលប្រទេសដទៃទៀតឲ្យឈប់ប្រើបច្ចេកវិទ្យារបស់ Huawei។
ជាក់ស្តែង នាពេលថ្មីៗនេះ រដ្ឋអាជ្ញាអាមេរិក បានធ្វើការចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទមិនគោរពកម្មសិទ្ធិបញ្ញាដោយបានលួចបច្ចេកវិទ្យាពីអាមេរិក។ រដ្ឋអាជ្ញាអាមេរិក និយាយថា Huawei បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់បុគ្គលិករបស់ខ្លួន នៅពេលដែលលួចព័ត៌មានបច្ចេកវិទ្យាសម្ងាត់បាន ពីក្រុមហ៊ុនដែលជាគូប្រជែងណាមួយ។
តែទោះបីជាមានការដាក់សំពាធពីអាមេរិក កាន់តែច្រើនយ៉ាងណាក្តី ស្ថាបនិកក្រុមហ៊ុន Huawei ហាក់មិនខ្លាចរអាអ្វីនោះឡើយ។ មួយវិញទៀត លោកបាននិយាយថា ប្រសិនបើគ្មានពន្លឺនៅទិសខាងលិច លោកនឹងធ្វើឲ្យពន្លឺភ្លឺចែងចាំងនៅទិសខាងកើតវិញក៏បាន៕
