នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ប្រាប់ទៅសភាអូស្ត្រាលី នៅថ្ងៃចន្ទទី១៨កុម្ភៈនេះថា គណបក្សនយោបាយអូស្ត្រាលីទាំងអស់ សុទ្ធតែបានក្លាយជាជនរងគ្រោះ នៃការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា។ លោកនាយករដ្ឋមន្ត្រីអះអាងថា មន្ត្រីជំនាញកំពុងតែស៊ើបអង្កេត តែអ្វីដែលច្បាស់ គឺជាក្រុមចោរព័ត៌មានវិទ្យានោះ គឺជាក្រុមដ៏ខ្លាំង ហើយអាចជាក្រុម ដែលស្ថិតក្រោមបញ្ជារបស់អាជ្ញារប្រទេសណាមួយ។
នៅចំពោះមុខសមាជិកសភាអូស្ត្រាលី លោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា ក្រុមស៊ើបអង្កេតសន្តិសុខព័ត៌មានវិទ្យា ទើបតែបានស្រាវជ្រាវដឹងថា ប្រព័ន្ធព័ត៌មានវិទ្យា របស់គណបក្សនយោបាយធំៗ ដូចជាគណបក្សសេរីនិយម គណបក្សពលករ និងគណបក្សជាតិ សុទ្ធតែបានរងនូវការចូលបន្លំ សំងំបូមយកទិន្ន័យ ពីសំណាក់ចោរព័ត៌មានវិទ្យា។
គួររំលឹកថា កាលពីថ្ងៃទី៨កុម្ភៈ រដ្ឋាភិបាលអូស្ត្រាលី បានអះអាងថា ប្រព័ន្ធព័ត៌មានវិទ្យារបស់សភាជាតិអូស្ត្រាលី ត្រូវបានក្រុមចោរព័ត៌មានវិទ្យាវាយប្រហារ។ ការនេះ បានតម្រូវឲ្យសមាជិកសភា សមាជិករដ្ឋាភិបាល ព្រមទាំងនាយករដ្ឋមន្ត្រីផងនោះ ត្រូវធ្វើការប្តូរលេខសំងាត់ និងបង្កើនការប្រុងប្រយត្ន័។ តែអ្វីដែលដែលអ្នកជំនាញអូស្ត្រាលី មិនបាននឹកស្មានដល់ គឺថា សូម្បីតែគណបក្សនយោបាយធំៗ របស់អូស្ត្រាលី ក៏គឺជាជនរងគ្រោះនៃអំពើនេះដែរ។ តែយ៉ាងណា Australian Signals Directorate (ASD) បានលើកឡើងថា មកត្រឹមពេលនេះ គេនៅមិនទាន់សន្មត់បានទេ ថាចោរព័ត៌មានវិទ្យានោះ មានប្រភពនៅទីណា ព្រោះវាមានលក្ខណៈស្មុគស្មាញណាស់។
ដោយឡែក បណ្តាញព័ត៌មានអូស្ត្រាលីបានចុះផ្សាយថា តាមការសង្ស័យ គឺចិន ឬរុស្ស៊ី អាចជាអ្នកនៅពីក្រោយសកម្មភាពវាយប្រហារនេះ។ តែយ៉ាងណា លោក Fergus Hanson អ្នកជំនាញផ្នែក Cyber Attack នៅវិទ្យាស្ថាននយោបាយយុទ្ធសាស្ត្រ យល់ថា ចិនអាចជាមុខសញ្ញា។
ជាការពិត មួយរយៈចុងក្រោយនេះចិន និងអូស្ត្រាលី មានភាពរកាំរកូសគ្នាច្រើន ជាក់ស្តែងបញ្ហាគ្រប់គ្រងធនធានធម្មជាតិ និងការដណ្តើមអធិបតេយ្យភាពដែនសមុទ្រគ្នាជាដើម។ ក្រៅពីនេះ នៅមានបញ្ហាចំរូងចំរាស់ ទាក់ទិននឹងក្រុមហ៊ុនHuawei ដែលអូស្ត្រាលីបានសម្រេច បណ្តេញចេញ មិនឲ្យចូលទៅរកស៊ីនៅក្នុងប្រទេសខ្លួន ដោយចោទថា ក្រុមនេះមានចេតនាលួចប្រមូលទិន្នន័យបំរើដល់នយោបាយវាទទីរបស់ចិន។ បន្ថែមពីនេះទៀត អូស្ត្រាលី បានបណ្តេញមហាសេដ្ឋីអ្នកជំនួញជនជាតិចិនម្នាក់ ឈ្មោះ Huong Xiangmo បន្ទាប់ពីបានរកឃើញថាអ្នកជំនួញរូបនេះ បានយកប្រាក់រាប់លានដុល្លារ ទៅសូកគណបក្សនយោបាយអូស្ត្រាលី។
គួរកត់សំគាល់ដែរថា នៅខែឧសភាខាងមុខ អូស្ត្រាលីនឹងមានការបោះឆ្នោតសភា។ ករណីចោរព័ត៌មានវិទ្យា បន្លំចូលទៅក្នុងប្រព័ន្ធរបស់គណបក្សនយោបាយបាយនេះ បានធ្វើឲ្យគេព្រួយបារម្ភខ្លាំង ទាក់ទិននឹងការលូកដៃកកូរកកាយ ពីសំណាក់ប្រទេសផ្សេងណាមួយ ដើម្បីជ្រោមជ្រែងជួយបក្សនយោបាយណាមួយ ដែលអាចនាំប្រយោជន៍ដល់ប្រទេសនោះ ទៅថ្ងៃក្រោយ៕
