ខណៈពេលឥឡូវនេះ មើលទៅក្រុមហ៊ុន Google ហាក់បីដូចជាចង់ឲ្យស្មាតហ្វូន ដែលបានប្រើប្រាស់ ប្រព័ន្ធប្រតិបតិ្តការ Android នានា អាចធ្វើការអាប់ដេតកម្មវិធីបាន ដោយមិនចាំបាច់ត្រូវ ឲ្យចុះឈ្មោះចូលគណនី Google ទៀតនោះទេ។ លើសពីនេះទៅទៀត មុខនេះថ្មីនេះមិនមែនមានតែសម្រាប់ កម្មវិធីរបស់ក្រុមហ៊ុន Google នោះទេ ដោយសូម្ឃីតែកម្មវិធី បង្កើតឡើងដោយ Developers ដទៃទៀតក៏អាចធ្វើបានដូចគ្នាផងដែរ។
សម្រាប់នាពេលបច្ចុប្បន្ននេះ ទើបនឹងត្រូវបានគេប្រទះឃើញ ក្នុងលក្ខណៈដាក់ប្រើ ជាការសាកល្បងប៉ុណ្ណោះ សម្រាប់មុខងារថ្មីមួយនេះ ហើយបើសិនជានៅពេលដែល Google ដាក់ទៅឲ្យស្មាតហ្វូន Android ទាំងអស់ជាសាធារណៈនោះ ការអាប់ដេតប្រាកដ ជាមានលក្ខណៈងាយស្រួល សម្រាប់អ្នកដែលទើបតែ បានជាវស្មាតហ្វូនថ្មីៗ ហើយមិនទាន់បានដាក់គណនី Google ចូល និងអ្នកប្រើប្រាស់មួយចំនួន ដែលមិនទាន់បានបង្កើតគណនី Google រួច ឬក៏អ្នកដែលមិនចង់ Log-In គណនី Google របស់ខ្លួនចូលទៅ ក្នុងស្មាតហ្វូនថែមទៀតផង។ ចំពោះកម្មវិធីទាំងនោះ គឺសំដៅទៅលើកម្មវិធីដែល បានដំឡើងរួចជាស្រេច នៅលើស្មាតហ្វូន Android តែម្ដង ដូច្ចេះមុខងារថ្មីមួយនេះ គឺសម្រាប់ធ្វើយ៉ាង ដើម្បីឲ្យកម្មវិធីទាំងនោះ បានទទួលជំនាន់អាប់ដេត ចុងក្រោយៗបង្អស់ផងដែរ។
ជាចុងក្រោយ មុខងារថ្មីដែល កំពុងតែសាកល្បងនេះ គឺនឹងអាចដំណើរការ បានចាប់ពី Android ជំនាន់ Lollipop ឡើងទៅ ហើយចំពោះមុខងារនេះផងដែរ នៅមិនទាន់ដឹងថាក្រុមហ៊ុន Google នឹងដាក់ឲ្យប្រើប្រាស់ នៅពេលណាឲ្យប្រាកដនោះទេ ក៏ប៉ុន្ដែត្រូវបានគេសង្ឃឹមថា នឹងអាចមាននៅក្នុង កំណែអាប់ដេត Google Play Store លើកក្រោយ។
