អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនាពេលបច្ចុប្បន្នកាន់តែមានការកើនឡើង អ្នកប្រើប្រាស់ទាំងនោះតែងមានគោលបំណងផ្សេងៗដូចជា ទទួលបាននូវព័ត៌មាន ធ្វើពាណិជ្ជកម្ម ទំនាក់ទំនងជាដើម ប៉ុន្តែក៏មានជនខិលខូចមួយចំនួន បានប្រើប្រាស់ក្នុងគោលបំណងមិនល្អផងដែរ។
ថ្មីៗនេះគេបានរកឃើញ ការបោកបញ្ឆោតដោយប្រើ Facebook popup phishing attacks។ ការបោកបញ្ឆោតនេះ ជនខិលខូចបានបង្កើតជាអត្ថបទ ឬជាទម្រង់ផ្សេងៗដែលធ្វើឲ្យយើងមានការចាប់អារម្មណ៍ និងចូលទៅអានព័ត៌មាននោះ តែមុននឹងអានបាន គេបង្កើតផ្ទាំងមួយ (Popup screen) សម្រាប់ឲ្យអ្នកអានធ្វើការ Login ជាមុនទើបអាចអានបាន។
វិធីនេះអាចជាល្បិចដើម្បីលួចយកគណនី Email និង Password របស់អ្នក ដើម្បីប្រើប្រាស់ ក្នុងគោលបំណងទុច្ចរិតប៉ុណ្ណោះ។
ហើយនេះជាវិធីសាស្ត្រការពារដើម្បីកុំឲ្យជនខិលខូចលួចយកគណនីហ្វេសបុករបស់លោកអ្នកបាន៖
១-ធ្វើការឆែកមើលឲ្យប្រាកដថា URL ជារបស់ក្រុមហ៊ុនហ្វេសប៊ុក(https://www.facebook.com/) ។
២-ប្រើប្រាស់ កម្មវិធី ឬ Browser Extension ដើម្បីស្រាវជ្រាវ និងកំណត់ Phishing Domain ។
៣-កុំបំពេញព័ត៌មានអំពីគណនី Email ឬ Password លើ Popup ណាមួយដែលលោកអ្នកមិនទុកចិត្ត ។
៤-បើកប្រើកម្មវិធី Two-Factor-Authentication ដើម្បីការពារ ការចូលទៅកាន់គណនីដោយគ្មានការអនុញ្ញាត (Unauthorize-Access) ។
