ស្បែកជើងឆ្លាតវៃ Nike Adapt BB កំពុងមានបញ្ហាក្នុងការប្រើប្រាស់ដោយស្បែកជើងនេះ មិនអាចបញ្ជាតាមទូរសព្ទឲ្យរឹតបណ្ដឹងដោយខ្លួនឯងបានត្រឹមត្រូវនោះឡើយ ក្រោយពេលដែល Nike បានបញ្ចេញ Updated Version របស់កម្មវិធី Nike Adapt នៅលើ Play Store របស់ Android។
ស្បែកជើង Nike Adapt BB នេះ ជាស្បែកជើងឆ្លាតវៃជំនាន់ទី ២ របស់ Nike ស្នងដំណែង Nike Air Mag មុនដែលជាប្រភេទ Limited Edition ហើយក្នុងពេលនេះ Nike Air Mag នោះ មានតម្លៃលក់ដល់ទៅរាប់ម៉ឺនដុល្លារបាត់ទៅហើយ។ ខុសប្លែកពីសិស្សច្បង Nike Adapt BB មានតម្លៃលក់រាយត្រឹមតែ ៣៥០ ដុល្លារប៉ុណ្ណោះ ដែលវាចេញលក់ក្នុង Nike Store លើពិភពលោក កាលពីប៉ុន្មានសប្ដាហ៍មុន។ Nike Adapt BB នេះ ជាស្បែកជើងឆ្លាតវៃ ដោយអ្នកប្រើប្រាស់អាចភ្ជាប់វាទៅនឹងកម្មវិធី Nike Adapt ដោយប្រើ Bluetooth ហើយអាចរឹត និងបន្ធូរស្បែកជើងនេះ បានតាមចិត្តចង់។
និយាយពីបញ្ហាក្រោយ Update កម្មវិធីនេះលើ Android វិញ មានដូចជា ស្បែកជើងម្ខាង (ឆ្វេង ឬស្តាំ) អាចនឹងមិនភ្ជាប់ជាមួយទូរសព្ទ ធ្វើឲ្យកម្មវិធីនោះ អាចបញ្ជាឲ្យរឹតស្បែកជើង បានតែម្ខាងតែប៉ុណ្ណោះ។ ម៉្យាងទៀត មានអ្នកប្រើប្រាស់ខ្លះបានរាយការណ៍ថា សូម្បីតែប៊ូតុងបញ្ជានៅលើស្បែកជើងនោះ ក៏មិនអាចប្រើបានដែរ ពោលគឺម៉ូទ័រក្នុងស្បែកជើងនោះគាំងតែម្ដង បន្ទាប់ពី Update កម្មវិធីរួចមក។
ទាក់ទងទៅនឹងបញ្ហាខាងលើ Nike បានចេញមុខមកទទួលខុសត្រូវ ហើយបានប្រាប់ទៅកាន់អតិថិជនខ្លួនថា ខាងក្រុមអ្នកបច្ចេកទេស កំពុងធ្វើការយ៉ាងដុតដៃដុតជើងលើបញ្ហានេះ ហើយលើកទឹកចិត្តរាល់អតិថិជន ដែលជួបបញ្ហាឲ្យទាក់ទងទៅកាន់សេវាគាំទ្រ និងចាំជួយអតិថិជនរបស់ Nike ផ្ទាល់។
មកដល់ត្រឹមពេលនេះ ដំណោះស្រាយសម្រាប់ ស្បែកជើងឆ្លាតវៃ Nike Adapt BB គឺមានតែការ Reset ស្បែកជើង និងកម្មវិធីនេះឡើងវិញតែប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះអ្នកប្រើ iOS លើ iPhone មិនមានរបាយការណ៍ណាមួយបញ្ជាក់ថា អតិថិជនបានជួបបញ្ហាក្រោយពី Update កម្មវិធី Nike Adapt នេះឡើយ។

