ប្រធានក្រុមហ៊ុន Huawei នៅថ្ងៃអាទិត្យ ទី២៤ កុម្ភៈ បានលើកឡើងថា ក្រុមហ៊ុនមិនបានខ្វល់ខ្វាយ ឬក៏ព្រួយបារម្ភអ្វីឡើយ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ ជាការគំរាមកំហែង តាមរយៈការចេញបទបញ្ជាមិនអនុញ្ញាតឲ្យក្រុមហ៊ុន Huawei មានទីផ្សារលក់ដូរនៅសហរដ្ឋអាមេរិក។ ប្រធានក្រុមហ៊ុន Huawei សង្កត់ធ្ងន់ថា Huawei នៅតែអាចរកស៊ីបានដោយជោគជ័យ ទោះបីគ្មានទីផ្សារនៅអាមេរិកក៏ដោយចុះ។
លោក ហ្គួ ពីង (Guo Ping) ប្រធានក្រុមហ៊ុន Huawei បានអះអាងថាបទបញ្ជារបស់លោកត្រាំគ្មានឥទ្ធិពលអ្វីអាចធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនមួយនេះដួលបះជើងបានឡើយ។ លោកបញ្ជាក់បន្ថែមថា បើទោះបទបញ្ជាហាមឃាត់មិនឲ្យ Huawei ចូលក្នុងទីផ្សារអាមេរិកត្រូវគេដាក់ឲ្យអនុវត្តជាផ្លូវការមែនក៏ដោយក៏វាគ្មានផលប៉ះពាល់ធំដុំអ្វីឡើយ ដល់ក្រុមហ៊ុនរបស់លោក។
“នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបានជាង ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយចំណូលដែលរកបានពីទីផ្សារនៅអាមេរិកមានចំនួនតិចតួចប៉ុណ្ណោះ។ តាមពិតទៅ យើងមិនបាច់អីទៅខ្វល់ពីទីផ្សារនៅអាមេរិកផងនោះទេ”។ នេះ គឺជាសម្តីរបស់លោកហ្គួ និយាយទៅកាន់សន្និសីទសារព័ត៌មានមួយនៅទីក្រុងបាសេឡូណាប្រទេសអេស្បាញក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកប្រកបដោយយុត្តិធម៌។
លោកហ្គួ បានបន្ថែមថាគោលនយោបាយថ្មីរបស់អាមេរិកនេះមិនប៉ះពាល់អ្វីជាដុំកំភួនដល់ Huawei ឡើយ តែអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះ គឺជាប្រតិបត្តិករទូរគមនាគមន៍តូចៗមួយចំនួននៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់ឧបករណ៍របស់ Huawei វិញឯណោះទេ។
គួររំឭកជូនថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិក និងចិនមានទំនាស់ពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើងៗ ហើយជម្លោះនេះ ដំបូងឡើយដរចេញពីរឿងបច្ចេកវិទ្យា។ អាមេរិករបស់លោកដូណាល់ ត្រាំ ចោទចិនថាបានលួចបច្ចេកវិទ្យាពីខ្លួន និងថាក្រុមហ៊ុន Huawei ជាចោរធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន។
ក្រោមហេតុផលនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យរារាំងកុំឲ្យក្រុមហ៊ុន Huawei បង្កើតបច្ចេកវិទ្យាជំនាន់ទី៥ (5G) បាន។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មានចុះផ្សាយដែរថាលោកត្រាំ បានធ្វើការសម្រេចលើបទបញ្ជាមួយដើម្បីបញ្ឈប់ក្រុមហ៊ុនចិន Huawei មិនឲ្យលក់ឧបករណ៍ទូរស័ព្ទទំនើបៗ នៅសហរដ្ឋអាមេរិកទៀតផង។
សូមជ្រាបថា រហូតមកដល់ពេលនេះ តំណាងក្រុមហ៊ុន Huawei នៅតែបដិសេធចំពោះ ការចោទប្រកាន់ដែលថា គ្រឿងក្នុងទូរស័ព្ទរបស់ Huawei មានបំពាក់ឧបករណ៍ ដែលអាចឲ្យគេធ្វើចារកម្មបាន។
ប្រធានក្រុមហ៊ុន Huawei លោកហ្គួ ពីង លើកឡើងថា Huawei មិនដែលធ្វើចារកម្មហើយលោកនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ មកពីប្រទេសណាមួយ ធ្វើរឿងបែបនេះ បានឡើយនៅក្នុងក្រុមហ៊ុនរបស់លោក៕
