រដ្ឋសភាថៃ ទើបតែបានអនុម័តដាក់ឲ្យប្រើប្រាស់ នូវច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងសន្តិសុខ លើបណ្តាញអ៊ីនធើនែត។ ប្រឈមមុខនឹងការរិះគន់ ដែលលើកឡើងថា ច្បាប់នេះ នឹងបើកដៃឲ្យអាជ្ញាធរថៃ លបស្តាប់ការឆ្លងឆ្លើយពីបញ្ហានយោបាយ ខណៈដែលការបោះឆ្នោត កាន់តែខិតជិតមកដល់នោះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានចេញមុខអះអាង កាលពីថ្ងៃទី១៤មីនាថា ច្បាប់សន្តិសុខអ៊ីនធើនែតនេះ គ្មានបំណងទៅស្តាប់ការឆ្លងឆ្លើយតាមទូរស័ព្ទ របស់ពលរដ្ឋថៃ ម្នាក់ៗនោះទេ។
“កាលណាខ្ញុំនិយាយពីសន្តិសុខអ៊ីនធើនែត សូមកុំយល់ច្រឡំថាវាប៉ះពាល់ រំលោភសិទ្ធិមនុស្សឲ្យសោះ។ គ្មាននរណា នឹងទៅអង្គុយចាំស្តាប់ ឬអានការឆ្លងឆ្លើយ របស់ប្រជាជនម្នាក់ៗនោះទេ។ ច្បាប់នេះ គឺដើម្បីការពារក្រុមហ៊ុន សហគ្រាស ដោយសារតែវាអាចមានសកម្មភាពខុសច្បាប់ណាមួយ”។ នេះគឺជាប្រសាសន៍ របស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅចំពោះមុខការប្រជុំ ក្រុមអ្នកវិនិយោគ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនា។
សូមរំលឹកថា ច្បាប់សន្តិសុខអ៊ីនធើនែត ត្រូវបានសភាថៃអនុម័ត កាលពីថ្ងៃទី២៨កុម្ភៈ។ ច្បាប់ថ្មីនេះ បានបង្កើតអង្គភាពពិសេសមួយ ក្រោមចំណុះរដ្ឋាភិបាល ដែលអង្គភាពនេះ មានអំណាចយ៉ាងទូលាយ ដូចជា អាចតាមដានអង្កេត នូវចរាចរណ៍ទិន្នន័យអ៊ីនធើនែត ដោយមិនចាំបាច់មានការអនុញ្ញាតិពីតុលាការ។ អង្គការភាពនេះ ក៏អាចមានអំណាចចាប់បង្ខំ បុគ្គលឯកជន ឬនីតិបុគ្គលទាំងអស់ ឲ្យផ្តល់នូវទិន្នន័យ ហើយក៏អាចចាប់បង្ខំឲ្យលុបចោលនូវទិន្នន័យ និងអាចរិបអូសយកថាសរឹង ដែលផ្ទុកទិន្នន័យទៀតផង។
សកម្មជនសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភថា ច្បាប់នេះមានខ្លឹមសារបើកឱកាស ឲ្យសមត្ថកិច្ចថៃរិតបន្តឹងសិទ្ធិសេរីភាព នៅលើបណ្តាញអ៊ីនធើនែត ច្រើនជាងការការពារសហគ្រាស ពីសកម្មភាពទុច្ចរិតណាមួយ។ អង្គការ Asia Internet Coalition ដែលមានការចូលរួម ពី Google និង Facebook ផងដែរនោះ ក៏បានលើកឡើងដែរ ពីការព្រួយបារម្ភ ចំពោះខ្លឹមសារនៃច្បាប់ថ្មីនេះ ដែលមានន័យទូលំទូលាយជ្រុលពេក។ ភាពទូលំទូលាយនេះ នឹងបើកដៃ ឲ្យអំណាចរដ្ឋាភិបាលយកទៅបកស្រាយ អនុវត្តទៅតាមចិត្តចង់របស់ខ្លួន។
គួរកត់សំគាល់ថា ខណៈដែលការបោះឆ្នោតសភា នៅថ្ងៃទី២៤មីនា កាន់តែខិតជិតមកដល់ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានគេមើលឃើញថា ចង់បំភ័យការបញ្ចេញមតិនានា នៅលើបណ្តាញសង្គមតាមរយៈច្បាប់ថ្មីនេះ។
លោកស្រី Katherine Gerson តំណាងអង្គការ Amnesty International យល់ឃើញថា ច្បាប់ថ្មីស្តីពីការគ្រប់គ្រងសន្តិសុខអ៊ិនធើនែតនេះ គឺជាការគំរាមមួយ ដល់សិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាជនថៃ។ កន្លងមក រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា បានចាប់ឃាត់ខ្លួនមនុស្ស និងកសាងសំណុំរឿងជាច្រើនទៅកាន់តុលាការ ដោយសំអាងលើ ពាក្យថា “សន្តិសុខជាតិ”។ តែសម្រាប់លោកស្រី Katherine Gerson ករណីទាំងនោះ គឺប្រជាជនគ្មានបានធ្វើអ្វី ឲ្យប៉ះពាល់ដល់សន្តិសុខជាតិទេ។ គឺពួកគេគ្រាន់តែបញ្ចេញមតិយោបល់ តែប៉ុណ្ណោះ!
