តើក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន អាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខ សុវត្ថិភាព របស់អនាគតបណ្តាញទាក់ទងរបស់ទូរស័ព្ទជំនាន់ទី៥ដែរឬទេ?នេះជាសំណួរដែលប្រទេសសមាជិកទាំង២៩ របស់អូតង់កំពុងចោទសួរ និងលើកយកទៅពិភាក្សា នៅទីស្នាក់ការរបស់អង្គការអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ៊្សិក។ នេះបើតាម អគ្គលេខាធិការរបស់អូតង់ នៅក្នុងសន្និសីទកាសែតនៅថ្ងៃម្សិលមិញ។
នៅក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលរបស់អង្គការអូតង់ លោកអគ្គលេខាធិការJens Stoltenberg បានលើកឡើងពីកង្វល់របស់ប្រទេសសមាជិកមួយចំនួន ពីរឿងក្រុមហ៊ុយនHuawei ហើយនិងតួនាទីរបស់ក្រុមហ៊ុនចិនមួយនេះ នៅក្នុងការកសាងបណ្តាញទូរគមនាគមន៍ ជាពិសេស គឺបណ្តាញទូរស័ព្ទ ជំនាន់ទី៥ នៅក្នុងទឹកដីរបស់ប្រទេសសមាជិក អូតង់។
អាមេរិកដែលបានចាត់ទុកក្រុមហ៊ុន Huawei ថា ជាគ្រោះថ្នាក់ គំរាមកំហែងអឺរ៉ុប ធ្លាប់បានដាក់សម្ពាធទៅលើប្រទេសសម្ព័ន្ធមិត្ត នៅក្នុងអង្គការអូតង់ កុំឲ្យប្រគល់គម្រោងវិនិយោគទៅលើបណ្តាញទូរស័ព្ទ ជំនាន់ទី៥របស់ខ្លួន ទៅក្រុមហ៊ុនចិន Huawei។ ក្រុមហ៊ុនHuaweiដែលអាមេរិកចោទថា ប្រើឧបករណ៍ និងបច្ចេកវិទ្យារបស់ខ្លួន នៅក្នុងទឹកដីបរទេស ដើម្បីលួចយកការណ៍សម្ងាត់ទៅឲ្យកងទ័ព ចិន។
នៅអង្គារកន្លងទៅ នៅក្នុងសវនាការដេញដោលរបស់គណៈកម្មការការពារជាតិ នៅព្រឹទ្ធសភាអាមេរិក មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអង្គការអូតង់បានលើកឡើងពីកង្វល់របស់អាមេរិក ស្តីពីគ្រោះថ្នាក់នៃបច្ចេកវិទ្យាចុងក្រោយ ឬហៅថា ប្រព័ន្ធ ៥Gរបស់ Huawei។ មេបញ្ជាការអាមេរិកបានគំរាមដែរថា អាមេរិកនឹងផ្តាច់ផ្លូវ ឈប់ទាក់ទងជាមួយ ប្រទេសណា ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលវិនិយោគ បង្កើត បណ្តាញទូរស័ព្ទជំនាន់ទី ៥ នៅក្នុងបណ្តាញគមនាគមន៍របស់កងទ័ព។
សម្រាប់មេបបញ្ជាការកងទ័ពអាមេរិកនៅអូតង់ ប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ ជំនាន់ទី ៥ របស់ក្រុមហ៊ុន Huawei មានសមត្ថភាពខ្លាំងអស្ចារ្យ ដែលអាចលួចចាប់យកទិន្នន័យ នៅក្នុងបណ្តាញឆ្លើយឆ្លើយ បានយ៉ាងលឿនបំផុត។
ការគំរាមរបស់មេបញ្ជាការអាមេរិក ធ្វើឡើងនៅក្រោយកាសែតអាមេរិក Wall Street Journal ចុះផ្សាយកាលពីថ្ងៃចន្ទ បទសម្ភាសន៍ ជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ ទីក្រុងប៊ែរឡាំងដែលនៅក្នុងនោះ លោកបានព្រមានពីការកាត់បន្ថយ ការដោះដូរ ព័ត៌មានសម្ងាត់ជាមួយអាល្លឺម៉ង់ បើសិនអាល្លឺម៉ង់ យល់ព្រម ឲ្យក្រុមហ៊ុន Huawei ចូលវិនិយោគក្នុងបណ្តាញទូរស័ព្ទ ប្រព័ន្ធ៥G។
នៅថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់វិញ បានប្រកាសថា អាល្លឺម៉ង់នឹងពិភាក្សាជាមួយ វ៉ាស៊ីនតោនស្តីពីការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei។
