តុលាការម៉ាឡេស៊ីមិនព្រម ដោះលែងស្រ្តីវៀតណាម ដែលជាប់ចោទពីបទឃាតកម្មលើលោកគីម ជុងណាម បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង។ នៅក្នុងសវនាការបើកធ្វើនៅថ្ងៃព្រហស្បតិ៍នេះ នៅជាយក្រុងគូឡាឡាំពួរ ព្រះរាជអាជ្ញាម៉ាឡេស៊ី បានបដិសេធសំណើសុំឲ្យដោះលែង ពីមេធាវីរបស់ជនជាប់ចោទ។ តើតុលាការម៉ាឡេស៊ីមានជំហរលំអៀងឬយ៉ាងណា ព្រោះថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះសោះ ចៅក្រមម៉ាឡេស៊ី ទើបបានប្រកាសដោះលែងឲ្យមានសេរីភាព ស្រ្តីជាប់ចោទឥណ្ឌូណេស៊ី ដែលតាមពិត រងការចោទប្រកាន់ដូចគ្នានឹងនារីវៀតណាម ពីបទឃាតកម្ម លើបងប្រុសរបស់លោកគីម ជុងអ៊ុន។
សំណុំរឿងតែមួយ បទចោទប្រកាន់ដូចគ្នា គឺឃាតកម្មលើលោកគីម ជុងណាម នៅព្រលានយន្តហោះម៉ាឡេស៊ី ប៉ុន្តែ ស្រ្តីជាប់ចោទជាតិ វៀតណាម និងឥណ្ឌូណេស៊ី គ្មានជោគវាសនាដូចគ្នានោះទេ។ ខុសពីនាងស៊ីទី អៃយ៉ាស Siti Aisyah ដែលត្រូវបានចៅក្រមប្រកាសដោះលែងឲ្យមានសេរីភាព និងវិលត្រលប់ទៅប្រទេសកំណើតវិញ តាំងពីថ្ងៃចន្ទ ស្រ្តីជាប់ចោទវៀតណាម នាង ឌ័ន ធីហឿង វិញ ត្រូវបានព្រះរាជអាជ្ញាម៉ាឡេស៊ី បន្តការចោទប្រកាន់ពីបទឃាតកម្មលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង។
អាចនិយាយបានថា នៅក្នុងសំណុំរឿងធ្វើឃាត ដ៏សាហាវដោយប្រើអាវុធគីមី ដ៏សាហាវ ដូចជំនាន់សង្រ្គាមត្រជាក់ មានតែនាង ឌ័ន ធីហឿងម្នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងរង្វង់ក្រចកសេះរបស់តុលាការម៉ាឡេស៊ី។ នៅក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញាម៉ាឡេស៊ីមិនបានបញ្ជាក់ហេតុផលថា ហេតុអ្វីបានជាមិនព្រមដោះលែង ស្រ្តីជាប់ចោទវៀតណាម ដូចករណី នាងស៊ីទី អៃយ៉ាសជាតិឥណ្ឌូណេស៊ី។
ប៉ុន្តែ នៅក្នុង សវនាការនៅថ្ងៃនេះ គេឃើញមានវត្ថុតាងជាច្រើនដែលអាចដាក់បន្ទុកទៅលើនាង ឌ័ន ធីហឿង។ តាមអ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP រូបភាពវីដេអូដែលចាក់បញ្ចាំងនៅក្នុងអង្គសវនាការបានបង្ហាញ រូបស្រ្តីជាប់ចោទវៀតណាម ដាក់ដៃទៅលើមុខរបស់គីម ជុងណាម មុននឹងរត់គេចខ្លួន ចំណែក រូបភាព នាង ស៊ីទី អៃយ៉ាសវិញ គឺ មិនសូវច្បាស់ នៅពេលនាងគេចចេញពីកន្លែងមានឃាតកម្ម។
នៅក្រោយលឺព្រះរាជអាជ្ញាប្រកាសមិនព្រមដោះលែងនាងឲ្យមានសេរីភាព នាង ឌ័ន ធីហឿង ស្រែកទ្រហោយំ និងបានស្រែកសុំឲ្យឯកអគ្គរដ្ឋទូតវៀតណាម ដែលមានវត្តមាននៅក្នុងសវនាការជួយអន្តរាគមឲ្យនាងមានសេរីភាព។
នៅក្រោយតុលាការសម្រេចដោះលែងខ្លួន កាលពីថ្ងៃចន្ទ ស្រ្តីឥណ្ឌូណេស៊ី អៃយ៉ាសបានទទួលស្គាល់ថា នាងបានសុំឲ្យមន្រ្តីរដ្ឋាភិបាលឥណ្ឌូណេស៊ីជួយអន្តរាគមឲ្យនាងមានសេរីភាព។ នៅក្រោយការដោះលែងស្រ្តីឥណ្ឌូណេស៊ី ក្រសួងការបរទេសវៀតណាម តាំងពីថ្ងៃអង្គារបានទាក់ទងទៅសមភាគីម៉ាឡេស៊ី ដើម្បី ទាមទារឲ្យមានការដោះលែងជនជាតិរបស់ខ្លួនជាបន្ទាន់។
មេធាវីរបស់នាង ធីហឿង វិញបានអះអាងថា នឹងដាក់ពាក្យសុំឲ្យដោះលែងមានសេរីភាពកូនក្តីរបស់លោកម្តងទៀត នៅក្រោយការសម្រេចរបស់តុលាការម៉ាឡេស៊ី ដែលលោកចាត់ទុកថា លំអៀង មិនយុត្តិធម៌ និងមិនស្តែងពីប្រព័ន្ធច្បាប់របស់ម៉ាឡេស៊ី។ ដោយមើលទៅលើស្ថានភាពសុខភាពរបស់ស្រ្តីជាប់ចោទវៀតណាម តុលាការស្ហា អាឡាមនៅថ្ងៃនេះ បានលើកពេលសវនាការប្រឆាំងនាង ឌ័នធីហឿង ទៅធ្វើនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕
