នៅថ្ងៃអង្គារ ទី១២ មីនា លោក Chip Harter អ្នកទទួលខុសត្រូវនៃក្រសួងសេដ្ឋកិច្ចអាមេរិកបានបញ្ជាក់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថា រដ្ឋបាលអាមេរិកកំពុងរៀបចំវិធានការឆ្លើយតបនឹងរដ្ឋាភិបាលបារាំង រួមទាំងរដ្ឋាភិបាលនៃប្រទេសអឺរ៉ុបផ្សេងទៀតដែលចង់យកពន្ធលើក្រុមហ៊ុនអ៊ីនធឺនែត និងឌីជីថលអាមេរិកាំងគ្រាក់ៗចំនួន ៤ គឺ Google Amazon Facebook និង Appel ដែលហៅពាក្យកាត់ថា Gafa។ តាមលោក Chip Harter រដ្ឋបាលអាមេរិកបានចាត់ទុកគម្រោងការរបស់ប្រទេសអឺរ៉ុបទាំងនោះថាមានលក្ខណៈរើសអើង និងព្រមានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក។
លោក Chip Harter បានប្រតិកម្មយ៉ាងដូចនេះនៅចំពោះមុខក្រុមអ្នកកាសែតក្នុងទីក្រុងប៉ារីសនាឱកាសដែលលោកត្រូវចូលរួមនៅក្នុងកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចហៅកាត់ថា OCDE។ អ្នកទទួលខុសត្រូវអាមេរិកាំងរូបនេះបានយល់ឃើញថា គម្រោងយកពន្ធលើក្រុមហ៊ុនអ៊ីនធឺនែត និងឌីជីថលអាមេរិកាំងគ្រាក់ៗចំនួន ៤ គឺ Google Amazon Facebook និង Appel ជារឿងមិនត្រឹមត្រូវ មានលក្ខណៈរើសអើង និងបានសំណូមពរឲ្យធ្វើកំណែទម្រង់ច្បាប់ពន្ធទូទៅនៅក្នុងក្របខ័ណ្ឌនៃអង្គការ OCDE។ គួររម្លឹកថា គឺ OCDE ដែលបានផ្តើមឲ្យមានការចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មីមួយស្តីពីការយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុឌីជីថលគ្រាក់ៗដែលបានប្រកាសពីប្រាក់ចំណូលរបស់ពួកគេនៅក្នុងប្រទេសដែលយកពន្ធតិច។
តែដោយកិច្ចព្រមព្រៀងថ្មីនេះនឹងត្រូវរង់ចាំនៅឆ្នាំ ២០២០ មានប្រទេសអឺរ៉ុបខ្លះដូចយ៉ាងបារាំង អង់គ្លេស អេស្ប៉ាញ អូទ្រីស និងអ៊ីតាលីបានផ្តើមចាត់វិធានការរៀងៗខ្លួនយកពន្ធចាប់ពីឆ្នាំ ២០១៩ នេះទៅលើក្រុមហ៊ុន Google Amazon Facebook និង Appel ដែលហៅពាក្យកាត់ថា Gafa។ ថ្ងៃពុធ ទី៦ មីនា បារាំងបានប្រាប់ឲ្យដឹងពីគម្រោងយកពន្ធក្នុងអត្រា ៣% លើប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មឌីជីថល ពីការលក់ទិន្នន័យផ្ទាល់ខ្លួន និងប្រាក់ចំណូលផ្សេងៗទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសគ្រាក់ៗ ដូចជា Google Amazon Facebook និង Appel។
« យើងចាត់ទុកគម្រោងការនេះរបស់បារាំងមានលក្ខណៈរើសអើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិកាំង ហើយគ្រប់ស្ថាប័នក្នុងរដ្ឋបាលរបស់យើងកំពុងសិក្សាមើលថា តើផលប៉ះពាល់នៃការរើសអើងនេះនឹងផ្តល់ឲ្យយើងនូវសិទ្ធិប្តឹងដោយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗឬអត់ » នេះជាប្រតិកម្មព្រមានរបស់លោក Chip Harter។
បារាំងតាមរយៈរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចលោក Bruno Lemaire បានឆ្លើយបកវិញថា បារាំងជារដ្ឋអធិបតេយ្យដែលមានសិទ្ធិសម្រេចនយោបាយពន្ធរបស់ខ្លួនដោយសេរី៕
