ប្រធានផ្នែកផលិតផលរបស់ Facebook លោក Chris Cox ដែលស្ថិតនៅក្នុងក្រុមហ៊ុន ១៣ ឆ្នាំមកហើយនោះ បានសម្រេចដើរចេញពីក្រុមហ៊ុនបណ្ដាញសង្គមដ៏ធំមួយនេះ។ ការចាកចេញនេះ ជាផ្នែកមួយនៃការផ្លាស់ប្ដូរប្រធានផ្នែកដ៏ធំ ខណៈដែល Facebook កំពុងយកចិត្តទុកដាក់លើសិទ្ធឯកជនរបស់អ្នកប្រើ។
គួរដឹងថា Cox គឺជាវិស្វករម្នាក់ក្នុងចំណោមវិស្វករដំបូងទាំង ១៥ នាក់របស់ Facebook ដោយបានចូលធ្វើការនៅឆ្នាំ ២០០៥ ក្រោយពីលោក Mark ជំរុញឲ្យ Cox ឈប់រៀននៅសកលវិទ្យាល័យ Stanford។ លោកបានក្លាយជាអ្នកដឹកនាំផ្នែកធនធានមនុស្ស ហើយនៅឆ្នាំ ២០០៨ ក៏បានក្លាយជាអនុប្រធានផលិតផល។
នៅឆ្នាំ ២០១៤ លោក Cox ត្រូវបានដំឡើងតំណែងជាប្រធានផ្នែកផលិតផល និងបានជួយ Facebook ធ្វើលាងសម្អាតកេរ្តិ៍ឈ្មោះក្រោយពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០១៦ និងដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយផងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលដែរនោះ លោក Chris Daniels បុគ្គលិកដែលធ្វើការនៅ Facebook រយៈពេល ៨ ឆ្នាំ និងទើបឡើងកាន់តំណែងជាអនុប្រធាន WhatsApp កាលពីខែឧសភាកន្លងទៅ ក៏បានប្រកាសលាឈប់ផងដែរ។
ខាងក្រោមនេះជាការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅ Facebook ៖
- Chris Cox នឹងលាឈប់ពី Facebook ប៉ុន្តែមិនបានពីគម្រោងបន្ទាប់នោះទេ ហើយតំណែងរបស់លោកក៏មិនមានអ្នកជំនួសភ្លាមៗដែរ។
- Chris Daniels នឹងចាក់ចេញពី WhatsApp ហើយ Facebook មិនបញ្ជាក់លម្អិតអំពីហេតុផលនៃការចាកចេញឡើយ។
- Will Cathcart នឹងប្ដូរពីការកាន់កាប់កម្មវិធី Facebook ទៅជាអនុប្រធាន WhatsApp វិញ។
- Fidji Simo ដែលជាអនុប្រធានផ្នែកផលិតផលសម្រាប់វីដេអូ, ព័ត៌មាន និងការផ្សាយពាណិជ្ជកម្មលើ Facebook នឹងជំនួសតំណែង Will Cathcart។
- Javier Olivan ដែលពីមុនជាអនុប្រធានផ្នែកកំណើន នឹងដឹកនាំកិច្ចការបញ្ចូលផលិតផល Facebook បញ្ចូលគ្នា (WhatsApp, Instagram និង Facebook ជាដើម) និងពង្រឹងផលិតផលទាំងនេះ។
- លោក Adam Mosseri អនុប្រធាន Instagram, លោក Stan Chudnovsky អនុប្រធាន Messenger រួមទាំង Fidji Simo និង Will Cathcart នឹងត្រូវរាយការណ៍ផ្ទាល់ទៅលោក Mark Zuckerberg ចំណែកប្រធានផ្នែកទីផ្សារ Antonio Lucio នឹងរាយការណ៍ទៅប្រធានប្រតិបត្តិ Sheryl Sandberg៕

