ស្ថានីយទូរទស្សន៍រុស្ស៊ី 1tv.ru បានបញ្ចេញវីដេអូមួយ ដើម្បីបង្ហាញពីអានុភាពរបស់មីស៊ីល Zircon ដែលត្រូវបានលាតត្រដាងកាលពីខែមុន ដោយលោកប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន។
វីដេអូនេះ បង្កើតឡើងដោយកុំព្យូទ័រ ដើម្បីបង្ហាញពីសមត្ថភាពរបស់មីស៊ីល ដែលត្រូវបាញ់ចេញពីនាវាចម្បាំង ដោយវាអាចគេចពីប្រព័ន្ធប្រឆាំងមីស៊ីល និងបាញ់ចំគោលដៅដែលនៅលើទឹក ដូចជា នាវាដឹកយន្តហោះចម្បាំងជាដើម។
មីស៊ីល Zircon របស់រុស្ស៊ី មានល្បឿនលឿនជាងសំឡេង ៩៦៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោកប្រធានាធិបតីរុស្ស៊ី បានធ្វើការបង្ហាញនូវមីស៊ីលថ្មី Zircon ដែលមានល្បឿនលឿនជាងសំឡេង ៩ដង និងអាចបាញ់ទៅលើគោលដៅដែលមានចម្ងាយ ១ពាន់គីឡូម៉ែត្រ។
បើយោងតាមសារព័ត៌មាន TASS ឲ្យដឹងថា រុស្ស៊ីនឹងធ្វើតេស្តសាកល្បងមីស៊ីល Zircon នៅចុងឆ្នាំ២០១៩ខាងមុខនេះ។ ផលិតកម្ម នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំបន្ទាប់៕









