ក្រុមហ៊ុនស្រាវជ្រាវ Edison Research ដែលមានមូលដ្ឋាននៅទីក្រុង Somerville រដ្ឋ New Jersey បានចេញផ្សាយលទ្ធផលពីការសិក្សារបស់ខ្លួន ដែលបង្ហាញថា Facebook បានបាត់បង់អ្នកប្រើប្រាស់ប្រមាណ ១៥ លាននាក់នៅសហរដ្ឋអាមេរិក គិតចាប់ពីឆ្នាំ ២០១៧ ដល់បច្ចុប្បន្ននេះ។
អ្នកប្រើប្រាស់ដែលថយចុះច្រើនជាងគេគឺអ្នកប្រើប្រាស់វ័យ ១២ ទៅ ៣៤ ឆ្នាំ។ បញ្ហារឿងអាស្រូវទាក់ទងនឹងការលេចធ្លាយទិន្នន័យសម្ងាត់អ្នកប្រើប្រាស់ ទំនងជាមូលហេតុនាំឲ្យអ្នកប្រើថយចុះបែបនេះ។ យ៉ាងណាក្ដីទិន្នន័យជាសកលរបស់ Facebook នៅតែមានផលវិជ្ជមាន ដោយអ្នកប្រើប្រាស់សកម្មប្រចាំខែបានកើនឡើង ៩% នៅចុងឆ្នាំ ២០១៨ បើធៀបនឹងចុងឆ្នាំ ២០១៧ ហើយចំនួនអ្នកប្រើប្រាស់សរុបមាន ២,៣២ ពាន់លាននាក់។
បណ្ដាញសង្គមផ្សេងទៀតដែលស្ថិតក្រោមការកាន់កាប់របស់ Facebook ក៏មានផលវិជ្ជមានច្រើនដែរ។ ជាក់ស្ដែង Instagram បច្ចុប្បន្ននេះ អ្នកប្រើប្រាស់កើនដល់ ១ ពាន់លាននាក់ ដោយមានជាង ៤០០ លាននាក់ប្រើប្រាស់មុខងារ Stories លើ Instagram ជារៀងរាល់ខែ។ ដូចនេះទោះ Facebook ថយចុះចំនួនអ្នកប្រើប្រាស់ ក៏នៅមានបណ្ដាញសង្គមផ្សេងទៀតជាជើងព្រួលសម្រាប់ទប់ផងដែរ៕
