មន្ទីរបញ្ចកោណអាមេរិក បន្តគំរាមតួកគី ប្រសិនទិញប្រព័ន្ធ ការពារមីស៊ីល S-400 របស់រុស្ស៊ី

0

សហរដ្ឋអាមេរិក បានបន្តគំរាមកំហែង ដល់ប្រទេសតួកគី ជាមួយនឹង “ផលវិបាកធ្ងន់ធ្ងរ” លើកលែងតែប្រទេសនេះ លុបចោលការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី ដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណ ផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល ទីក្រុងអង់ការ៉ា ដើម្បីស្វែងរកដំណោះស្រាយល្អជាងមុន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Eric Pahon បានប្រាប់សារព័ត៌មាន Ahval កាលពីថ្ងៃចន្ទថា «ការទិញយកប្រព័ន្ធការពារដែនអាកាស S-400 ពីសំណាក់ប្រទេស តួកគីនឹងមានផលវិបាក យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិកនិងប្រទេសតួកគី»។

ផែនការរបស់ប្រទេសជាសម្ព័ន្ធមិត្ត របស់អាមេរិកក្នុងការទិញ ប្រព័ន្ធការពារមីស៊ីល S-400 គឺជាកង្វល់ដ៏ធំមួយសម្រាប់សម្ព័ន្ធភាព ណាតូទាំងមូល ដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនអះអាងថា ការដាក់ពង្រាយរបស់ខ្លួនរួមជាមួយគ្រឿងសព្វាវុធ ដែលផលិតដោយសហរដ្ឋអាមេរិក ដូចជាយន្តហោះចម្បាំង F-35 ជាដើម ធ្វើឱ្យប៉ះពាល់ដល់ “សមត្ថភាពអន្តរប្រតិបត្តិការ” របស់សម្ព័ន្ធមិត្ត និងបង្ហាញពី ‘ការសម្ងាត់’ ដល់រុស្ស៊ី ។

ចំពេលមាន សម្ពាធ និងការគំរាមរដាក់ទណ្ឌកម្មនោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមុនបានជាប់គាំង នាំឲ្យមានការផ្អាកជាបណ្តោះ អាសន្ននូវការបញ្ជូនយន្តហោះចម្បាំងធុន F-35 ចំនួន ១០០គ្រឿងទៅឲ្យតួកគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here