យោងតាមភ្នាក់ងារសារព័ត៌មាន Viet Nam News បានឲ្យដឹងថា ក្រុមប្រឹក្សាអាជីវកម្មរវាងសហរដ្ឋអាមេរិកនិងអាស៊ានបានប្រកាសមកថា ក្រុមហ៊ុនអាមេរិកធំៗច្រើនជាង៥០ទៅទៀតដែលមកពីវិស័យខុសៗគ្នានឹងទៅកាន់ទីក្រុងហូជីមិញនៅថ្ងៃអង្គារ៍ដើម្បីស្វែងរកឱកាសអាជីវកម្ម ។
ក្រុមហ៊ុនទាំងនេះរួមមាន Google, Apple, Microsoft, Coca-Cola, ExxonMobil, GE, Ford, MasterCard, Qualcomm, IBM, JP Morgan, Syngenta, AstraZeneca និង Pfizer ជាដើម ។
ក្រុមហ៊ុនខាងលើនឹងទៅដល់វៀតណាមបន្ទាប់ពីកិច្ចប្រជុំរវាងប្រទេសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកនៅរដ្ឋធានីហាណូយដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានកោតសរសើរដល់វៀតណាមថាជាទីតាំងលូតលាស់យ៉ាងលឿន ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទាំងនេះនឹងក្លាយជាក្រុមប្រតិភូធំជាងគេដែលមកពីសហរដ្ឋអាមេរិក ។
យោងទៅតាមក្រុមប្រឹក្សាអាជីវកម្មរវាងសហរដ្ឋអាមេរិកនិងអាស៊ានបានឲ្យដឹងទៀតថា ក្រុមហ៊ុនខាងលើនឹងចូលរួមបេសកកម្មអាជីវកម្មប្រចាំឆ្នាំដែលនឹងពិភាក្សាពីបញ្ហាជាច្រើន និងបេសកកម្មសុខាភិបាល និងវិទ្យាសាស្ត្រជីវិតផងដែរ ។
សិក្ខាសាលាមួយទាក់ទិននឹងសន្តិសុខលើប្រព័ន្ធអ៊ីនធើណែត និងភាពឯកជននៃទិន្នន័យក៏ជាផ្នែកមួយនៃកម្មវិធីដែលមានរយៈពេលមួយសប្តាហ៍នេះផងដែរ ។ ក្រុមហ៊ុនខាងលើនឹងជួបជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម និងសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រី រួមជាមួយអ្នកដឹកនាំរដ្ឋាភិបាល និងសភាជាតិផងដែរដើម្បីពិភក្សាពីបញ្ហាអាជីវកម្ម និងផ្តល់យោបល់ផ្នែកគោលនយោបាយជាដើម ។
ក្នុងរយៈពេល៣៥ឆ្នាំមកនេះ ក្រុមប្រឹក្សាអាជីវកម្មរវាងសហរដ្ឋអាមេរិកនិងអាស៊ានគឺជាអង្គការគាំទ្រយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនអាមេរិកដែលប្រកបអាជីវកម្មក្នុងប្រទេសជាសមាជិកអាស៊ាន។
សមាជិកប្រមាណច្រើនជាង ១៦០ក្រុមហ៊ុនរបស់ក្រុមប្រឹក្សាខាងលើរកប្រាក់ចំណូលបានច្រើនជាង ៦ទ្រីលានដុល្លារទៅទៀត និងផ្តល់ការងារដល់មនុស្សប្រមាណ ១៣លាននាក់ទូទាំងពិភពលោក។ សមាជិករបស់ពួកគេរួមមានក្រុមហ៊ុនអាមេរិកធំៗដែលប្រកបអាជីវកម្មក្នុងអាស៊ាន និងក្រុមហ៊ុនថ្មីៗ ព្រមទាំងក្រុមហ៊ុនដែលដំណើរការក្នុងអាស៊ីអាគ្នេយ៍ច្រើនជាង១០០ឆ្នាំជាដើម ៕
