ចិនក្លាយជាប្រទេស លក់យន្តហោះចម្បាំង គ្មានមនុស្សបើកធំជាងគេបំផុត នៅលើពិភពលោក

0

យោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃចន្ទ ដោយវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ថា SIPRI បានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាយោធារបស់ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះបានធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នកនាំចេញយន្តហោះចម្បាំង គ្មានមនុស្សបើកដ៏ធំបំផុត (UCAVs) នៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការបង្ហាញរបស់ SIPRI ថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិន បាននាំចេញនូវយន្តហោះប្រភេទ UCAV ចំនួន ១៥៣ គ្រឿង ទៅកាន់ ១៣ប្រទេស ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាអ្នកនាំចេញយន្តហោះចម្បាំង គ្មានមនុស្សបើកសំខាន់បំផុត សម្រាប់រយៈពេលនេះ។ បណ្តាប្រទេសដែលប្រើប្រាស់យន្តហោះ គ្មានមនុស្សបើករបស់ប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ខ្លួនភាគច្រើន គឺនៅមជ្ឈឹមបូព៌ា រួមមានប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួម។

ក្រុមអ្នកស្រាវជ្រាវ បានកត់សម្គាល់ថា នៅពេលប្រៀបធៀបទិន្នន័យពីមុន ដែលប្រមូលបានពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ និងតួលេខដែលទទួលបានពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិនបានឃើញការកើនឡើងសរុប នៃការលក់យន្តហោះ គ្មានមនុស្សជិះ ១.៤៣០ ភាគរយ។

ក្រៅពីយន្តហោះគ្មានមនុស្សបើក របាយការណ៍ ក៏បានចង្អុលបង្ហាញផងដែរថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិនអាចពង្រីកមូលដ្ឋាន អតិថិជនរបស់ខ្លួន សម្រាប់អាវុធសំខាន់ៗរបស់ខ្លួនទៅកាន់ ៥៣ប្រទេសដោយជ្រើសរើស យកអតិថិជនថ្មីចំនួន ១២ប្រទេស បើប្រៀបធៀបទៅនឹងប្រទេសចំនួន ៤១ ដែលខ្លួនធ្លាប់លក់កាលពីឆ្នាំ ២០០៩ ទៅដល់ឆ្នាំ២០១៣។

នៅក្នុងបញ្ជីនៃប្រទេស ដែលនាំចេញអាវុធដ៏ធំបំផុត ក្នុងពិភពលោកចំនួន ២៥ប្រទេស ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិនបានឈរនៅលំដាប់លេខប្រាំ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ប្រទេសប៉ាគីស្ថាន នៅតែជាអ្នកទិញអាវុធកំពូល របស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយទិញអាវុធ ៣៧ ភាគរយ។ ចំណែកប្រទេសបង់ក្លាដេស និងអាល់ហ្សេរី បានទិញ ១៦ភាគរយ ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញទៀតថា ប្រទេសចិន សហរដ្ឋអាមេរិក បារាំង រុស្ស៊ី និងអាឡឺម៉ង់ មានចំនួន ៧៥ភាគរយ នៃបរិមាណនាំចេញអាវុធសរុបរវាងឆ្នាំ ២០១៤ និង ២០១៨ ។ សហរដ្ឋអាមេរិកមានចំនួន ៣៦ភាគរយ នៃចំណែកទីផ្សារនៃការលក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here