ចិន លក់យន្តហោះចម្បាំង គ្មានមនុស្សបើក ធំជាងគេបំផុត នៅលើពិភពលោក​

0

យោងតាមរបាយការណ៍ចេញផ្សាយ កាលពីថ្ងៃចន្ទដោយវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ ស្តុកខុល ហៅកាត់ថា SIPRI បានឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាយោធា របស់ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះបានធ្វើឱ្យប្រទេសនេះ ក្លាយជាអ្នកនាំចេញ យន្តហោះចម្បាំង គ្មានមនុស្សបើក ដ៏ធំបំផុត (UCAVs) នៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាម ការបង្ហាញរបស់ SIPRI ថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិនបាននាំចេញ នូវយន្តហោះប្រភេទ UCAV ចំនួន ១៥៣ គ្រឿង ទៅកាន់ ១៣ប្រទេស ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាអ្នកនាំចេញ យន្តហោះចម្បាំងគ្មានមនុស្សបើក សំខាន់បំផុត សម្រាប់រយៈពេលនេះ។
បណ្តាប្រទេស ដែលប្រើប្រាស់យន្តហោះ គ្មានមនុស្សបើករបស់ប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ខ្លួន ភាគច្រើន គឺនៅមជ្ឈឹមបូព៌ា រួមមានប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួម។

ក្រុមអ្នកស្រាវជ្រាវ បានកត់សម្គាល់ថា នៅពេលប្រៀបធៀបទិន្នន័យពីមុន ដែលប្រមូលបានពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ និងតួលេខ ដែលទទួលបាន ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិន បានឃើញការកើនឡើងសរុប នៃការលក់យន្តហោះ គ្មានមនុស្សជិះ ១.៤៣០ ភាគរយ។

ក្រៅពីយន្តហោះ គ្មានមនុស្សបើក របាយការណ៍ ក៏បានចង្អុលបង្ហាញផងដែរថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិនអាចពង្រីកមូលដ្ឋាន អតិថិជនរបស់ខ្លួន សម្រាប់អាវុធសំខាន់ៗរបស់ខ្លួន ទៅកាន់ ៥៣ប្រទេស ដោយជ្រើសរើសយក អតិថិជនថ្មីចំនួន ១២ប្រទេស បើប្រៀបធៀប ទៅនឹងប្រទេសចំនួន ៤១ ដែលខ្លួនធ្លាប់លក់ កាលពីឆ្នាំ ២០០៩ ទៅដល់ឆ្នាំ២០១៣។

នៅក្នុងបញ្ជី នៃប្រទេសដែលនាំចេញអាវុធ ដ៏ធំបំផុតក្នុងពិភពលោក ចំនួន ២៥ប្រទេស ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិន បានឈរនៅលំដាប់លេខប្រាំ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី បារាំង និងអាល្លឺម៉ង់។ របាយការណ៍ក៏បាន កត់សម្គាល់ផងដែរថា ប្រទេសប៉ាគីស្ថាន នៅតែជាអ្នកទិញអាវុធកំពូល របស់រដ្ឋាភិបាល ក្រុងប៉េកាំង ដោយទិញអាវុធ ៣៧ ភាគរយ។ ចំណែកប្រទេសបង់ក្លាដេស និងអាល់ហ្សេរី បានទិញ ១៦ភាគរយ ។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញទៀតថា ប្រទេសចិន សហរដ្ឋអាមេរិក បារាំង រុស្ស៊ី និងអាឡឺម៉ង់ មានចំនួន ៧៥ភាគរយ នៃបរិមាណនាំចេញ អាវុធសរុបរវាងឆ្នាំ ២០១៤ និង ២០១៨ ។ សហរដ្ឋអាមេរិកមានចំនួន ៣៦ភាគរយ នៃចំណែកទីផ្សារនៃការលក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here