វិបសាយនិយាយអំពីប្រព័ន្ធសុវត្ថិភាព KrebsOnSecurity បានចេញផ្សាយថាលេខសម្ងាត់គណនី Facebook រាប់រយលាន បានស្ថិតនៅក្នុងដៃបុគ្គលិក Facebook ជាង ២ ម៉ឺននាក់។
ក្រោយពីការចេញផ្សាយនេះ Facebook បានទទួលស្គាល់ជាសាធារណៈតាមរយៈប្លុកព័ត៌មានរបស់ខ្លួន ដោយបានសរសេរថា ៖ “យើងបានដោះស្រាយបញ្ហានេះរួចហើយ ហើយជាការប្រុងប្រយ័ត្ន យើងនឹងផ្ដល់ដំណឹងដល់ម្ចាស់អាខោនដែលមានលេខសម្ងាត់ស្ថិតនៅក្នុងដៃបុគ្គលិកFacebook”។
Facebook បានបញ្ជាក់ទៀតថាលេខសម្ងាត់ទាំងនេះមិនដែលត្រូវបានអ្នកក្រៅ ក្រៅពីបុគ្គលិកក្រុមហ៊ុន Facebook បានឃើញនោះទេ ហើយក៏មិនឃើញមានភស្តុតាងបង្ហាញថាបុគ្គលិករបស់ខ្លួនបានបំពាន ឬ ប្រើលេខសម្ងាត់ទាំងនេះនោះទេ។
Facebook បានប៉ាន់ស្មានថានឹងផ្ដល់ដំណឹងដល់អ្នកប្រើ Facebook Lite រាប់រយលាននាក់, អ្នកប្រើ Facebook ធម្មតាចំនួន ១០ លាននាក់ និង អ្នកប្រើ Instagram ចំនួន ១០ លាននាក់ អំពីលេខសម្ងាត់នេះ៕
