ព្រាបនាំសារមួយរបស់បែលហ្ស៊ិក លក់ដាច់ក្នុងតម្លៃជាង១,២៥លានអឺរ៉ូ (ជាង១,៤លានដុល្លារអាមេរិក) ក្នុងការប្រកួតដេញថ្លៃអនឡាញមួយ ដែលរៀបចំភ្នាក់ងារជំនាញ Pigeon Paradise (Pipa) កាលពីថ្ងៃទី១៧ ខែមីនា កន្លងមក។ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Belga នេះជាតម្លៃដែលលក់បានជាកំណត់ត្រានៅលើពិភពលោក។
ព្រាបឈ្មោលឈ្មោះ Armando ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយលោក Joel Vershoot ដែលជាអ្នកចិញ្ចឹមព្រាបដ៏ល្បីល្បាញម្នាក់នៅបែលហ្ស៊ិក។ គេហទំព័ររបស់ Pipa មិនបានបញ្ជាក់ពីអត្តសញ្ញាណអ្នកទិញនោះឡើយ ប៉ុន្តែបើតាមប្រភពនានា ម្ចាស់ថ្មីរបស់ Armando គឺជាជនជាតិចិនម្នាក់ ដែលទិញវាដើម្បីបង្កាត់ពូជ ។
ពិធីប្រកួតប្រណាំងព្រាបនាំសារចម្ងាយឆ្ងាយនៅបែលហ្ស៊ិក ហូឡង់ ក៏ដូចជានៅភាគខាងជើងប្រទេសបារាំង មិនសូវពេញនិយមដូចមុនទៀតឡើយ ប៉ុន្តែនៅតំបន់អាស៊ី ជាពិសេសនៅប្រទេសចិន ដូច្នេះព្រាបនៅតែលក់បានក្នុងតម្លៃកប់ពពក។
បើតាម Pipa ព្រាបដែលលក់បានតម្លៃខ្ពស់កន្លែងមាន ព្រាបឈ្មោះ New Bliksem ដោយមានអ្នកចិញ្ចឹមឈ្មោះ Gaby Vandenabeele ដែលជាជនជាតិបែលហ្ស៊ិកផងដែរ។ វាលក់បានក្នុងតម្លៃ ៣៧៦ ០០០អឺរ៉ូ (ជាង៤២ម៉ឺនដុល្លារអាមេរិក)។ កាលពីឆ្នាំ២០១២ មហាសេដ្ឋីចិនឈ្មោះ Hu Zhen Yu បានទិញព្រាប Special Blue ក្នុងតម្លៃ២៥០ ០០០អឺរ៉ូ (ជាង២៨ម៉ឺនដុល្លារអាមេរិក) ផងដែរ។
ក្រៅពី Armando គ្រួសារ Verschoot លក់ព្រាបសរុបបាន១៧៨ក្បាល ដែលមានចំណូលប្រមាណ២លានអឺរ៉ូ។ Armando ត្រូវចាត់ទុកជាព្រាបដែលមានកំណត់ត្រាហើរឆ្ងាយជាងគេបំផុតពោលគឺដល់រាប់រយគីឡូម៉ែត្រ។ នេះបើយោងតាម Pipa៕
