វៀតណាម ដែលជាប្រទេសមួយក្នុងចំណោមអង្គការតំបន់អាស៊ាន នឹងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាជំនាន់ទីប្រាំ ឬហៅកាត់ថា 5G ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់វៀតណាម នៅថ្ងៃទី២២ ខែមីនា។ បច្ចេកវិទ្យា 5G នេះ គឺជាប្រព័ន្ធទូរគមនាគមន៍ ជំនាន់ចុងក្រោយបង្អស់របស់ពិភពលោក។
ថ្លែងក្នុងសន្និសីទព័ត៌មានអាស៊ានមួយស្តីពីបច្ចេកវិទ្យា 5G ក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម Nguyen Manh Hung ចាត់ទុកតួនាទីរបស់បច្ចេកវិទ្យា 5G ជាសសរគោលដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល ដ្បិតវាមានល្បឿនលឿនជាងបច្ចេកវិទ្យាចាស់ 4G ជាង ៤០ដង និងផ្តល់នូវបណ្តាញតភ្ជាប់ធំទូលាយជាងមុន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី Hung លើកឡើងទៀតថា រដ្ឋាភិបាលក្រុងហាណូយ មានបំណងសហការជាមួយបណ្តាប្រទេសជាសមាជិករបស់សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្សេងទៀត ក្នុងគោលដៅបង្កើតរោងចក្រ និងរួមដៃគ្នាផលិតសម្ភារៈបច្ចេកវិទ្យាព័ត៌មានផងដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម ផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបណ្តាញទូរសព្ទក្នុងស្រុកខ្លួន សាកល្បងបច្ចេកវិទ្យា 5G នេះ ក្នុងរដ្ឋធានីក្រុង ហាណូយ និងទីក្រុង ហូជីមិញ។ ម្យ៉ាងទៀត វៀតណាម ក៏កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឧបករណ៍ និងបច្ចេកវិទ្យានេះផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា ត្រឹមចុងឆ្នាំ ២០១៨ វៀតណាម ដែលមានប្រជាជនសរុបជិត ៩៤,៧ លាននាក់ មានអ្នកប្រើប្រាស់អ៉ីនធឺណេតតាមកុំព្យូទ័រ ១៣លាននាក់ និងតាមទូរសព្ទ ១២៩, ៩ លាននាក់ឯណោះ។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម៕
