អាចនិយាយបានថា ចិន គឺជាប្រទេសមានទឹកដីធំ និងមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ហើយជនជាតិចិន ក៏មានរស់នៅគ្រប់ទិសទី ផងដែរ។ ទោះយ៉ាងណា រាល់ចំនុច អវិជ្ជមាន ក៏នឹងកើតមានច្រើនដែរ ប្រសិនបើប្រទេសមួយមានប្រជាជនច្រើន ហើយប្រទេសនោះមិនខ្លាំងខាងផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចទេនោះ។ ប៉ុន្តែសម្រាប់ប្រទេសចិន គឺអាចទ្រាំទ្របានយ៉ាងល្អ ដោយសារតែសេដ្ឋកិច្ចរបស់គេខ្លាំង នាំចេញផលិតផលរបស់ខ្លួនទៅក្រៅស្ទើរគ្រប់ទិសទី ហើយបច្ចេកវិទ្យាក៏ខ្លាំងមិនធម្មតាដែរ ព្រោះក្រុមហ៊ុនផលិតក៏មានច្រើន។
ថ្មីៗនេះ បើយោងតាមការចុះផ្សាយពីខាង South China Morning Post បានបង្ហាញអោយដឹងថា ស្ថានីយ៍រថភ្លើងក្រោមដី នៅរដ្ឋធានី Shenzhen ក្នុងប្រទេសចិន កំពុងធ្វើការតេស្តសាកល្បងទៅលើប្រព័ន្ធដំណើរ ផ្តល់សេវាកម្មបង់លុយ បែបសម័យថ្មី ដោយប្រើប្រាស់ការស្កេនមុខ ជាមួយការភ្ជាប់បណ្តាញសេវា 5G។ អ្នកដែលចូលទៅក្នុងស្ថានីយ៍ ដើម្បីជិះរថភ្លើងក្រោមដីនោះ អាចស្កេនមុខរបស់ពួកគេនៅលើអេក្រង់ មុននឹងចូលទៅកាន់រថភ្លើងក្រោមដី ប៉ុន្តែមុននឹងអាចស្កេនមុខបាន ពួកគេត្រូវទៅចុះឈ្មោះបំពេញបែបបទជាមុនសិន ដើម្បីផ្តល់នូវទិន្នន័យផ្ទៃមុខរបស់ពួកគេ និងភ្ជាប់វិធីសាស្រ្តទូទាត់លុយ ទើបអាចជិះបាន។ បន្ទាប់មក តម្លៃថ្លៃឈ្នួលរបស់ពួកគេ នឹងត្រូវបានដកចេញដោយស្វ័យប្រវត្តិ ពីគណនី ដែលពួកគេបានភ្ជាប់។
សម្រាប់ទីក្រុងមួយនេះ គឺមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចាំឃ្លាំមើលយ៉ាងទូលំទូលាយ ដែលអាចកំណត់មុខប្រជាពលរដ្ឋ អាយុ ភេទ និងកន្លែងស្នាក់នៅក្នុងតំបន់បាន ហេតុនេះចំនុចអវិជ្ជមានផ្សេងៗ អាចនឹងមិនសូវមានទេ។
ក្រោយប្រជុំចប់រួចរាល់លើចំនុចមួយនេះ គឺបានកំណត់អោយមានការស្កេនមុខ នៅឯស្ថានីយ៍រថភ្លើងក្រោមដី នៅរដ្ឋធានី Shenzhen តែមួយសិនប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់បានប្រកាសច្បាស់លាស់នៅឡើយទេថា តើដំណើរការស្កនសម្គាល់មុខ បង់ថ្លៃឈ្នួលសម្រាប់ជិះរថភ្លើងនេះ នឹងដាក់អោយប្រើប្រាស់ នៅពេលណាទេ ព្រោះតែឥលូវកំពុងស្ថិតក្នុងការតេស្តសាកល្បង។
