ករណីលួចបង្កប់កាមេរ៉ាដើម្បីថតរូបអាសអាភាស នៅតែជាបញ្ហាប្រឈមក្នុងប្រទេសកូរ៉េខាងត្បូងដដែល។ បន្ដជាបញ្ហាប្រឈមព្រោះមានជនខិលខូចលួចបង្កប់កាមេរ៉ាជាបន្ដបន្ទាប់ ក្នុងន័យបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ បើតាមការបញ្ជាក់ពីប៉ូលិសកូរ៉េខាងត្បូង មានបុរស៤នាក់ត្រូវបានចាប់ខ្លួនក្នុងពេលថ្មីៗក្រោមការចោទប្រកាន់ថា បានលួចបំពាក់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារចំនួន១,៦០០ ហើយយកវីដេអូថតបានលក់តាមអ៊ីនធឺណេត។
កាមេរ៉ាតូចៗត្រូវបានបង្កប់តាមទូរទស្សន៍ ម៉ាស៊ីនផ្លុំសក់ និងរន្ធតូចៗតាមបន្ទប់សណ្ឋាគារដែលភ្ញៀវស្នាក់នៅ។ បុរសដែលចាប់ខ្លួនបានបញ្ជាក់ថា ពួកគេអាចរកប្រាក់ពីការបង្ហោះវីដេអូដែលថតបាន រហូតដល់ទៅ៦,២០០ដុល្លារអាមេរិក។ បុរសទាំងបួននាក់អាចប្រឈមការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ និងពិន័យជាប្រាក់៣០លានវ៉ុនស្មើនឹង២៦,៥៧១ដុល្លារអាមេរិកបើសិនត្រូវកាត់ទោស។
ការថតវីដេអូអាសអាភាសឬរូបភាពអាក្រាតកាយនេះ បានរីករាលដាលរហូតបង្កឲ្យមានការតវ៉ាផងដែរ។ កូរ៉េខាងត្បូងមានករណីនេះកើតឡើងជាង៦ពាន់ករណីក្នុងឆ្នាំ២០១៧ កើនឡើងពី២,៤០០ករណីក្នុងឆ្នាំ២០១២។ មានមនុស្សជាង៥,៤០០នាក់ត្រូវបានចាប់ខ្លួនជុំវិញការលួចបង្កប់កាមេរ៉ាក្នុងឆ្នាំ២០១៧ ប៉ុន្ដែអ្នកជាប់ពន្ធនាគារមានតិចជាង២ភាគរយ៕
