ម៉ាស៊ីនដកប្រាក់ ATM មាននៅសឹងគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញនិងតាមបណ្តាខេត្តទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនពេលត្រូវការប្រាក់បន្ទាន់។ ខណៈការដកប្រាក់នៅតាមម៉ាស៊ីន ATM កាន់តែងាយស្រួល អ្នកប្រើប្រាស់ទាំងអស់ក៏រឹតតែត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីអំពល់ទុក្ខផ្សេងៗដែលអាចកើតឡើងពេលទៅដកប្រាក់នៅម៉ាស៊ីន ATM។
ទោះបីធនាគារក្នុងប្រទេសកម្ពុជាបំពាក់ប្រព័ន្ធសុវត្ថិភាពនៅតាមទីតាំងទូ ATM ក៏ពិតមែន តែបើសិនអ្នកប្រើប្រាស់ចេះពីរបៀបការពារខ្លួនមួយផ្នែកទៀតគឺរឹតតែប្រសើរ ដើម្បីចៀសផុតពីបញ្ហាដែលអាចកើតមានឡើងដោយមិនដឹងខ្លួននៅពេលដកប្រាក់តាមទូ ATM នានា។
អាចនាំមិត្តភ័ក្ដិទុកចិត្តទៅជាមួយ
លោកវទ្ធីថា ការនាំមិត្តភ័ក្ដិឬនរណាម្នាក់ដែលអាចទុកចិត្តបាននៅពេលទៅដកប្រាក់នៅម៉ាស៊ីន ATM ជារឿងល្អ បើសិនអ្នកត្រូវដកប្រាក់ក្នុងចំនួនច្រើន និងមិនសូវមានការព្រួយបារម្ភរឿងអសន្តិសុខផ្សេងៗនៅក្បែរទូ ATM ឬក្រោយពេលដកប្រាក់។
ការការពារលេខសំងាត់
មានវិធីជាច្រើនដែលប្រិយមិត្តអាចការពារលេខសំងាត់របស់ខ្លួនបានដូចជា៖
@ត្រូវយកដៃបាំងឬគ្របពេលអ្នកចុចលេខសំងាត់ ដើម្បីចៀសវាងនរណាម្នាក់ឃើញ @ឬមិនត្រូវវាយលេខសំងាត់ពេលមានមនុស្សច្រើននៅក្បែរទូ ATM ដែលអ្នកកំពុងដកលុយ @មិនត្រូវសរសេរលេខសំងាត់នៅក្នុងក្រដាសហើយដាក់ក្នុងកាបូបលុយ ឬកត់ត្រាទុកក្នុងទូរសព្ទឡើយ។ ករណីអ្នកបាត់កាបូប ឬទូរសព្ទត្រូវ Hacker វាយប្រហារ នោះលេខសំងាត់ ពិតណាស់នឹងត្រូវជនទី៣ដឹង។
ហាមសុំឬទទួលជំនួយពីជនមិនស្គាល់មុខឬមិនទុកចិត្តពេលមានបញ្ហានៅទូ ATM
បើសិនកាត ATM អ្នកជាប់ក្នុងទូម៉ាស៊ីន អ្នកត្រូវរាយការណ៍ឬទូរសព្ទទៅបុគ្គលិកធនាគារដែលនៅក្បែរបំផុតដើម្បីផ្ដល់ជំនួយបន្ទាន់ តែហាមសុំឬទទួលជំនួយពីនរណាម្នាក់មិនធ្លាប់ស្គាល់ហើយអះអាងថានឹងជួយ។ បើសិនអ្នកនាំមិត្តភ័ក្ដិទៅជាមួយ ត្រូវមានម្នាក់ចាំនៅទូ ATM ហើយម្នាក់ទៀតអាចទៅរកអ្នកជំនាញរបស់ធនាគារដើម្បីមកជួយដោះស្រាយ ក្នុងករណីមិនអាចទាក់ទងបានតាមទូរសព្ទ។
អ្នកត្រូវចាំថាបើសិនមាននរណាម្នាក់ឃើញលេខកាតធនាគារ និងថ្ងៃខែផុតកំណត់ (Expiration) លើកាតធនាគារអ្នក គេអាចប្រើវិធីផ្សេងៗដើម្បីដកប្រាក់ឬយកគណនីធនាគារនោះទៅធ្វើរឿងផ្សេងៗ ដែលនឹកស្មានមិនដល់។
ត្រូវយកឬទុកក្រដាសវិក្កយបត្ររាល់ពេលដកប្រាក់រួច
រាល់ពេលអ្នកដកប្រាក់ ម៉ាស៊ីន ATM តែងសួរអ្នកតើអ្នកត្រូវការក្រដាសវិក្កយបត្រដកប្រាក់ឬអត់។ ចម្លើយគឺអ្នកត្រូវតែយកវាមកទុក ដើម្បីរក្សាជាភស្តុតាងអះអាងចំពោះធនាគារបើសិនគណនីរបស់អ្នកមានបញ្ហាណាមួយកើតឡើងដោយមិនដឹងខ្លួន។
ត្រូវរាប់សាច់ប្រាក់ដែលដករួច
“កុំទុកចិត្តម៉ាស៊ីនខ្លាំងពេក”។ ពេលដកប្រាក់រួចរាល់ អ្នកគប្បីត្រូវរាប់សាច់ប្រាក់ថាតើវាគ្រប់ចំនួនឬអត់ ព្រោះអ្នកមិនអាចដឹងមុនថាតើម៉ាស៊ីនរាប់ប្រាក់របស់ ATM អាចនឹងមានបញ្ហាអ្វីមួយកើតឡើងនោះទេ។ បើមានបញ្ហាណាមួយកើតឡើងទាក់ទងសាច់ប្រាក់ដែលបានដករួចនោះ ត្រូវប្រាប់ដំណឹងបន្ទាន់ទៅខាងធនាគារដែលនៅក្បែរបំផុត៕
