ជនខិលខូចសញ្ជាតិលីទុយអានីត្រូវបានចោទប្រកាន់ពីបទលួចបន្លំ ក្រោយបោកប្រាស់លួចយកថវិកាប្រមាណ ១២២ លានដុល្លារ ពីក្រុមហ៊ុន Google និង Facebook។ បុរសនោះមានឈ្មោះពិត Evaldas Rimasauskas ដែលប្រើប្រាស់មធ្យោបាយបង្កើតវិក្កយបត្រក្លែងក្លាយនិងបញ្ចុះបញ្ចូលបោក Facebook បាន ៩៩ លានដុល្លារ និង Google បាន ២៣ លានដុល្លារ។
បុរសវ័យ ៥០ ឆ្នាំបានប្រព្រឹត្តិបទល្មើសនេះឡើង នៅចន្លោះឆ្នាំ ២០១៣ ដល់ ២០១៥ ដោយលោកបានផ្ញើចេញនូវវិក្កយបត្រ កុងត្រា និងលិខិតក្លែងបន្លំមួយចំនួនទៅកាន់ក្រុមហ៊ុនយក្ស Google និង Facebook ដោយបន្លំធ្វើពុតជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិក Quanta Computer របស់តៃវ៉ាន់ ។ ការទូទាត់ថ្លៃចំណាយទាំងអំបាលម៉ានបានផ្ញើចូលគណនីធនាគាររបស់ជនខិលខូចនៅ ៦ ប្រទេសផ្សេងពីគ្នា។
អ្វីដែលរសើបនិងអស្ចារ្យបំផុតនោះ លោកក៏មានផ្ញើសារ Email តាំងខ្លួនជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនទៀតផង ដោយវាពិតជាភ្ញាក់ផ្អើលដែលល្បិចធុននេះអាចបោកប្រាស់ក្រុមហ៊ុនលំដាប់កំពូលរបស់អាមេរិកបាន។
យ៉ាងណាមិញកន្លងទៅថ្មីៗនេះរឿងរ៉ាវក៏ត្រូវបានគេសើរើហើយចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដោយលោក Rimasauskas ក៏ព្រមសងត្រលប់នូវទឹកប្រាក់ ៥០ លានដុល្លារដែលលោកបានបោកបញ្ឆោត និងប្រឈមជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ ដោយការកាត់ទោសនឹងកំណត់ធ្វើឡើងនាថ្ងៃទី ២៤ កក្កដា ខាងមុខនេះ។