ប៉េកាំងកំពុងសាបព្រួសឥទ្ធិពលរបស់ខ្លួនទៅលើបណ្តាញផ្សព្វផ្សាយ ក្នុងពិភពលោក ក្នុងគោលដៅសំខាន់ គឺ បំបិទមិនឲ្យមានមតិរិះ ហើយនិងផ្សព្វផ្សាយឃោសនាគោលនយោបាយរបស់ចិន។ នេះបើតាមរបាយការណ៍ចេញផ្សាយ របស់អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃចន្ទម្សិលមិញ។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានបដិសេធទាត់ចោល របាយការណ៍ របស់អង្គការអ្នកកាសែតគ្មានព្រំដែន ដែល ទីក្រុងប៉េកាំងចាត់ទុកថា ធ្វើឡើងដោយគ្មានការពិតជាក់ស្តែង។
សម្រាប់អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន របាយការណ៍រិះគន់របស់អង្គការអ្នកកាសែតគ្មានព្រំដែន មិនសក្តិសមនឹងបានទទួលការឆ្លើយតប ពីចិន នោះទេ ព្រោះ វាមិនមែនជារឿងពិតជាក់ស្តែង។
ប៉ុន្តែ សម្រាប់អង្គការអ្នកកាសែតគ្មានព្រំដែន ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស វិញ ប្រទេសចិន ដែលជាប់ចំណាត់ជាប្រទេសនៅជិតចុងប៉ូចគេខាងផ្នែកគោរពសេរីភាពសារព័ត៌មាន (១៧៦ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាន) កំពុងប្រើគ្រប់មធ្យោបាយ ដើម្បី គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដាក់ខ័ណ្ឌជញ្ជាំងព័ត៌មាន ដើម្បី បិទខ្ទប់ វិបសៃតិ៍ ឬព័ត៌មានណាដែលនិយាយមិនល្អពីប្រទេសចិន។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចំណាយថវិកា ប្រមាន ១ពាន់ ៣រយលានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ បង្កើនវត្តមាន ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅក្នុងពិភពលោក។ ជាមួយនឹងការវិនិយោគដ៏សន្ធឹកសន្ធាប់ របស់អាជ្ញាធរចិន ទូរទស្សន៍រដ្ឋចិន ត្រូវផ្សព្វផ្សាយក្នុងប្រទេសចំនួន ១៤០ ចំណែកវិទ្យុរដ្ឋចិនវិញ ត្រូវបានផ្សព្វផ្សាយក្នុង៦៥ភាសា។
របបកុម្មុយនិស្តចិនថា មិនមែនវិនិយោគ និងក្តោបក្តាប់ត្រឹមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកតែប៉ុណ្ណោះទេ។ តាមអង្គការអ្នកកាសែតគ្មានព្រំដែន ដើម្បី ផ្សព្វផ្សាយឃោសនាគោលនយោបាយ របស់ចិន និងទប់ស្កាត់ព័ត៌មានរិះគន់ ក៏ដូចជារូបភាពផ្សព្វផ្សាយមិនល្អរបស់ខ្លួន រដ្ឋាភិបាលបានចំណាយលុយដ៏សន្ធឹកសន្ធាប់ ដើម្បីប្រើឥទ្ធិពលរបស់ខ្លួន ទៅគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោក។
របាយការណ៍របស់អង្គការការពារអ្នកកាសែតអន្តរជាតិ បានលើកឡើងពីការដាក់ទុនវិនិយោគ របស់ចិន ដើម្បីធ្វើជាម្ចាស់ភាគហ៊ុនរបស់កាសែត ឬទូរទស្សន៍ល្បីៗក្នុងពិភពលោក។ មួយវិញទៀត ទីក្រុងប៉េកាំងមិនខ្លាចនឹងហ៊ានចំណាយលុយរាប់លានសែនដុល្លារ ដើម្បីទិញ កន្លែងផ្សាយពាណិជ្ជកម្ម នៅតាមទូរទស្សន៍ បរទេសនោះទេ។ វត្តមានរបស់ចិន នៅក្នុងនាមជាម្ចាស់ភាគហ៊ុនមួយផ្នែក ធ្វើឲ្យអ្នកកាសែត ឬអ្នកផ្សព្វផ្សាយ ធ្វើការត្រួតពីនិត្យដោយស្វ័យប្រវត្តិ ពោលគឺមិនហ៊ានសរសេរអត្ថបទណាដែលរិះគន់ចិននោះទេ។ អង្គការអ្នកកាសែតគ្មានព្រំដែនបានលើកយកឧទាហរណ៍មួយរបស់អ្នកសរសេរវិចារណកថា នៅអាហ្វ្រិកខាងត្បូងម្នាក់ដែលបានបាត់បង់ការងារនៅក្រោយចុះអត្ថបទរិះគន់នយោបាយវាតទីរបស់ចិន ទៅលើជនជាតិភាគតិច។ ក្រៅតែពីចំណាយលុយទិញកន្លែងផ្សាយពាណិជ្ជកម្ម ឬទិញភាគហ៊ុនរបស់ប្រព័ន្ធផ្សព្វផ្សាយល្បីៗ រដ្ឋាភិបាលចិននៅបានប្រើនយោបាយទាក់ទាញ អ្នកកាសែតបរទេសតាមរយៈ ការចំណាយលុយរាប់ម៉ឺន សម្រាប់ដំណើរទៅយកព័ត៌មានរបស់អ្នកកាសែតបរទេស នៅប្រទេសចិន។
របាយការណ៍របស់អ្ននកាសែតគ្មានព្រំដែនធ្វើឡើងនៅពេលប្រធានាធិបតីចិនកំពុងធ្វើទស្សនកិច្ចនៅប្រទេសបារាំង និងនៅប៉ុន្មានខែក្រោយដែលក្លឹបអ្នកកាសែតបរទេសនៅចិនបានផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០១៨ ស្តីពីលក្ខខណ្ឌនៃការបំពេញអាជីពជាអ្នកកាសែតនៅក្នុងប្រទេសចិន។ របាយការណ៍ចេញផ្សាយនាថ្ងៃអង្គារ ទី២៩ មករាឲ្យដឹងថា លក្ខខណ្ឌនៃការបំពេញការងាររបស់អ្នកកាសែតបរទេសនៅចិនសម្រាប់ឆ្នាំ ២០១៨ ក៏បានធ្លាក់ដុនដាបខ្លាំង។ ក្រុមអ្នកកាសែតបរទេសបានបរិហារ និងត្អូញត្អែរពីការលំបាកមួយចំនួនរួមមាន បារម្ភពីការលួចស្តាប់ទូរស័ព្ទ រយៈពេលនៃការសុំបន្តទិដ្ឋាការមានរយៈពេលយូរ ឬមួយក៏មានភ្នាក់ងារសម្ងាត់ចុះតាមដានក្នុងពេលធ្វើបទយការណ៍ជាដើម៕
