អាមេរិក នៅថ្ងៃអង្គារម្សិលមិញ បានចោទប្រកាន់ចិន និងរុស្ស៊ី ថា កំពុងបង្កើនឱកាសឲ្យកើតមានជម្លោះ នៅក្នុងទីអវកាស តាមរយៈការអភិវឌ្ឍ ផលិតអាវុធប្រឆាំងផ្កាយរណប។ នេះជាការលើកឡើងរបស់មន្រ្តីការបរទេសអាមេរិក នៅក្នុងសន្និសីទស្តីពីការលុបបំបាត់អាវុធ ដែលត្រូវបានរៀបចំកាលពីថ្ងៃអង្គារម្សិលមិញ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។
“តើឲ្យគេជឿទុកចិត្តបានយ៉ាងម៉េចថា រុស្ស៊ីចូលរួមបង្ការការប្រកួតប្រជែងសព្វាវុធក្នុងទីអវកាស? ត្រូវដឹងថា គឺពួកគេនោះឯងដែលជាអ្នកផលិតអាវុធបាញ់បំផ្លាញផ្កាយរណប?” លោកស្រី Yleem Poblete ជំនួយការរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកបានចោទប្រកាន់ភាគីរុស្ស៊ី នៅក្នុងពេលដែលអ្នកជំនាញមកពី ប្រទេស២៥ ដែលនៅក្នុងនោះ មានអាមេរិក ចិននិងរុស្ស៊ីផងដែរ កំពុង ជួបពិភាក្សា(បិទទ្វារ តាំងពីថ្ងៃចន្ទទី ១៨ មីនា) នៅទីក្រុងហ្សឺណែវ ស្តីពីការបង្កើតឲ្យមានអនុសញ្ញាបង្ការការប្រកួតប្រជែងសព្វាវុធ ក្នុងទីអវកាស។
ទីក្រុងប៉េកាំង និងម៉ូស្គូបានគាំទ្រឲ្យមានការជួបប្រជុំរបស់អ្នកជំនាញថ្នាក់រដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតប្រេស៊ីល សម្រាប់សន្និសីទស្តីពីការលុបបំបាត់ចោលអាវុធ របស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ។ ប៉ុន្តែ វ៉ាស៊ីនតោន មិនជឿទុកចិត្ត បន្ទាប់ពីឃើញ ចិន និងរុស្ស៊ី បានបាញ់សាកល្បងដោយជោគជ័យ មីស៊ីល ដែលអាចបាញ់ពីដី ទៅ បំផ្លាញកម្ទេចផ្កាយរណបនៅក្នុងទីអវកាស។
លោកស្រី Pobleteដែលធ្វើការនៅការិយាល័យត្រួតពិនិត្យអាវុធ នៅក្រសួងការបរទេសអាមេរិក បានចោទប្រកាន់រុស្ស៊ី ផងដែរកំពុងព្យាយាមផលិតកាំរស្មីLaser ដែលមានសមត្ថភាពធ្វើឲ្យផ្កាយរណបខ្វាក់ភ្នែក ឬត្រូវបំផ្លាញទាំងស្រុង។ បន្ទាប់ពីរុស្ស៊ី មន្រ្តីអាមេរិកបានចោទប្រកាន់ផងដែរ ភាគីចិន ដែលកំពុងផលិតមីស៊ីលដែលអាចបាញ់កម្ទេចផ្កាយរណប ក្នុងកំពស់ដ៏ទាប ហើយនិងប្រើឧបករណ៍សម្រាប់រំខានការងារតាមដានរបស់ផ្កាយរណប របស់គូសត្រូវ។
អាមេរិកចោទប្រកាន់រុស្ស៊ី និងចិន ប៉ុន្តែ គឺអាមេរិកខ្លួនឯង ដែលជាប្រទេសសកម្មជាងគេ នៅក្នុងការអភិវឌ្ឍកម្មវិធីអវកាសខាងផ្នែកយោធា។ គេនៅចាំបានថា នៅពេលដែលមហាសន្និបាតអ.ស.ប.អនុម័តសេចក្តីសម្រេចទាមទារឲ្យមានការចរចាលើអនុសញ្ញាជាលក្ខណៈអន្តរជាតិ ដើម្បីបង្ការការប្រជែងសព្វាវុធនៅក្នុងទីអវកាស គ្រប់ប្រទេសទាំងអស់ដែលជាសមាជិកអ.ស.ប បានបោះឆ្នោតគាំទ្រ លើកលែងតែប្រទេសពីរដែលបានបោះឆ្នោតអនុប្បវាទ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
កាលពីឆ្នាំមុន ទៀតសោត ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំធ្លាប់បានប្រកាស ថា ទីអវកាសបានក្លាយជាសមរភូមិប្រយុទ្ធ ដូចសមរភូមិលើអាកាស លើដី និងលើទឹក។ លោកនៅបានលើកឡើងពីគម្រោងបង្កើតកម្លាំងទ័ព អវកាស ដែលជាកម្លាំងទ័ពទី៦ របស់សហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២០៕
