នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅថ្ងៃទី២៧ ខែមីនា បានប្រកាសពីការបាញ់ទម្លាក់ផ្កាយរណបមួយដោយប្រើមីស៊ីល។ លោក ម៉ូឌី ដែលកំពុងឃោសនាស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះខែក្រោយ ចាត់ទុកការបាញ់ទម្លាក់នេះ ជាការអភិវឌ្ឍដ៏សំខាន់សម្រាប់ឥណ្ឌាក្នុងវិស័យលំហអាកាសរបស់ខ្លួន។ យោងតាមលទ្ធផលនេះ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះអះអាងថា ឥណ្ឌាក្លាយជាមហាអំណាចលំហអាកាសហើយ។
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានប្រើប្រាស់សុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ដើម្បីប្រកាសពីដំណឹងបាញ់ទម្លាក់ផ្កាយរណប។ ជាសុន្ទរកថាដោយផ្ទាល់ជាលើកដំបូងតាំងពីឆ្នាំ២០១៦ មក លោក ម៉ូឌី ប្រកាសថា អ្នកវិទ្យាសាស្ត្រឥណ្ឌាបាញ់ផ្កាយរណបដែលស្ថិតរយៈកម្ពស់បីរយគីឡូម៉ែត្រក្នុងលំហអាកាស។ ផ្កាយរណបនេះ ស្ថិតលើផ្លូវគោចរទាប ហើយត្រូវបាញ់ដោយមីស៊ីលប្រឆាំងផ្កាយរណប។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ូឌី ចាត់ទុកការបាញ់នេះ ជាជោគជ័យប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ប្រកបដោយមោទកភាពរបស់ឥណ្ឌា។ លោកបន្តថា ឥណ្ឌាក្លាយជាមហាអំណាចលំហអាកាសហើយតាមរយៈការបាញ់ទម្លាក់ផ្កាយរណបនេះ ព្រោះមកទល់ពេលនេះ មានតែប្រទេសបីប៉ុណ្ណោះដែលអាចធ្វើដូចនេះបាន។
មកទល់សព្វថ្ងៃ អាមេរិក រុស្ស៊ី និងចិន ជាប្រទេសបីដែលមានសមត្ថភាពបាញ់ទម្លាក់ផ្កាយរណបបាន។ ប៉ុន្តែសមត្ថភាពបែបនោះ បង្កឲ្យមានការព្រួយបារម្ភខ្លាំង ពិសេសមហាអំណាចទាំងនេះ អាចយកទីលំហធ្វើជាកន្លែងប្រកួតប្រជែងអាវុធរបស់ខ្លួន។ តាមរយៈការថ្លែងដដែល មេដឹកនាំឥណ្ឌាធានាថា កម្មវិធីលំហអាកាសរបស់ឥណ្ឌា មានគោលដៅសន្តិភាព គ្មានបំណងបង្កើតបរិយាកាសសង្គ្រាម ហើយក៏មិនសំដៅលើប្រទេសណាដែរ។
ការប្រកាសរបស់លោក ម៉ូឌី ធ្វើឡើងតែប៉ុន្មានសប្ដាហ៍មុនការបោះឆ្នោតទូទៅ ដែលធ្វើចាប់ផ្ដើមនៅថ្ងៃទី៩ ខែមេសាខាងមុខ។ ព័ត៌មានបែបនេះ នឹងធ្វើឲ្យប្រជាប្រិយភាពលោក ម៉ូឌី កើនឡើង ខណៈលោកកំពុងស្វះស្វែងរកការគាំទ្រដើម្បីធ្វើនាយករដ្ឋមន្ត្រីនៅអាណត្តិទីពីរ។ ការបោះឆ្នោតនៅឥណ្ឌា ត្រូវបានចាត់ទុកជាដំណើរការប្រជាធិបតេយ្យធំជាងគេ ព្រោះអ្នកមានសិទ្ធិបោះឆ្នោតមានដល់៩០០លាននាក់ ហើយការបោះឆ្នោតត្រូវធ្វើជាច្រើនដំណាក់កាលទៀតផង។
តាមពិតទៅ ក្រុងញូវដេលី បានអភិវឌ្ឍកម្មវិធីលំហអាកាសរបស់ខ្លួនជាច្រើនមកហើយ និងមានអតិថិជនច្រើនផងដូចជាការបាញ់ផ្កាយរណបដើម្បីថតរូបភាពផែនដីជាដើម។ ផលិតផលរបស់ឥណ្ឌាក៏មានតម្លៃថោកជាកម្មវិធីលំហរបស់លោកខាងលិចទៀតផង។ យ៉ាងណា ការឈានដល់ការផលិតមីស៊ីលប្រឆាំងផ្កាយរណប មិនមែនជារឿងគួរត្រូវបានស្វាគមន៍ប៉ុន្មានឡើយ ដ្បិតលំហអាកាសនឹងក្លាយជាកន្លែងប្រយុទ្ធថ្មីទៅទៀត៕
