នៅឥណ្ឌូណេស៊ី ការជជែកពិភាក្សាលើបញ្ហាវីដេអូហ្គេម និងផលប៉ះពាល់របស់វាកំពុងបន្តធ្វើឡើង ខណៈក្រសួងព័ត៌មាននិងទូរគមនាគមន៍ប្រទេសនេះ ចង់ឲ្យមានការរឹតត្បឹតលើម៉ោងលេងហ្គេមអនឡាញ PUBG ដ៏ពេញនិយម។ បំណងនេះ គឺធ្វើឡើងក្រោយពីអង្គការអ្នកកាន់សាសនាឥស្លាមស្នើឲ្យចេញច្បាប់ហាមឃាត់ហ្គេមប្រភេទនេះ ដែលខ្លួនសង្ស័យថាជាប់ពាក់ព័ន្ធនឹងបាញ់សម្លាប់រង្គាលកាលពីថ្មីៗនេះ នៅនូវែលសេឡង់។
ថ្លែងនៅថ្ងៃទី ២៥ ខែមីនា មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មានឥណ្ឌូណេស៊ីទទួលបន្ទុកកម្មវិធីទូរសព្ទ លោក Samuel Pangerapan គូសបញ្ជាក់ថា ក្រសួងមានបំណងស្វែងរកមធ្យោបាយ ដើម្បីកំណត់ពេលវេលាលេងហ្គេម ដែលមានប្រភេទជាលក្ខណៈបាញ់ប្រហារ និងលេងតាមប្រព័ន្ធអនឡាញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Jarkarta Post លោក Samuel និយាយទៀតថា ក្រសួងព័ត៌មានពុំទាន់បង្កើតគម្រោងច្បាស់លាស់ណាមួយនៅឡើយទេ ជុំវិញការរឹតត្បិតរយៈពេលលេងហ្គេម PUBG។ ប៉ុន្តែលោកថា ក្រសួងកំពុងធ្វើការលើរឿងនេះ។
បន្ថែមពីនេះ លោក Samuel អះអាងថា ការរឹតត្បិតលើម៉ោងលេងហ្គេមនេះ ប្រសិនបើត្រូវអនុវត្តមែននោះ វាមិនត្រឹមតែអនុវត្តលើហ្គេម PUBG មួយមុខនោះទេ ប៉ុន្តែក៏ត្រូវអនុវត្តលើហ្គេមផ្សេងៗទៀតនៅលើទីផ្សារផងដែរ។ លោកលើកឡើងទៀតថា ក្រសួងបានបង្កើតគោលការណ៍ណែនាំជាផ្លូវការស្តីពីការវាយតម្លៃវីដេអូហ្គេម ដែលបង្កើតឡើងក្នុងគោលដៅចាត់ថ្នាក់ហ្គេមឲ្យសមនឹងអាយុរបស់អ្នកលេង។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានឥណ្ឌូណេស៊ីនេះ គឺធ្វើឡើងក្រោយពីក្រុមប្រឹក្សា Ulema ឥណ្ឌូណេស៊ី បានស្នើឲ្យចេញច្បាប់ហាមឃាត់ហ្គេម PUBG ។ អង្គការឥស្លាម ក៏បានប្រកាសពីកង្វល់របស់ខ្លួន ក្រោយហ្គេមបាញ់ប្រហារប្រភេទនេះបានជាប់ពាក់ព័ន្ធជាមួយមនុស្សដែលចូលរួមក្នុងការបាញ់រង្គាលកាលពីថ្មីៗនេះ នៅវិហារឥស្លាមចំនួនពីរក្នុងទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់។ ក្នុងហេតុការណ៍នេះ មនុស្សប្រមាណ៥០នាក់បាត់បង់ជីវិត។