ក្រុមហ៊ុនហ្វេសប៊ុកបានលុបចោលបណ្ដាញសង្គមមួយក្នុងប្រទេសហ្វីលីពីន ពាក់ព័ន្ធនឹងឥរិយាបថមិនត្រឹមត្រូវ និងបានពាក់ព័ន្ធជាមួយអ្នកជំនួញម្នាក់ ដែលនិយាយថាបានរៀបចំយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦តាមអនឡាញ។
ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនរកឃើញសកម្មភាពអនឡាញនេះ មានទំនាក់ទំនងនឹងក្រុមរៀបចំបណ្ដាញសង្គមរបស់អតីតនាយកប្រតិបត្ដិក្រុមហ៊ុនOmnicom Media Group ដែលក្រុមហ៊ុនកំណត់អត្ដសញ្ញាណថាឈ្មោះNic Gabunada។
ក្រុមហ៊ុនបានលុបចោល Pageនិងគណនី នៅលើហ្វេសប៊ុកនិងអ៊ីស្ដាក្រាមចំនួន២០០។ តាមរយៈសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា បុគ្គលដែលនៅពីក្រោយសកម្មភាពនេះបានប្រើប្រាស់ការបញ្ចូលគ្នានៃគណនីក្លែងក្លាយ ដើម្បីផ្សព្វផ្សាយមាតិការតាមទំព័រហ្វេសប៊ុកនិងក្រុមផ្សេងៗជាច្រើន៕
