នៅថ្ងៃពុធនេះ ក្រុមហ៊ុនហ្វេសប៊ុក បានប្រកាសហាមឃាត់មិនឱ្យក្រុមជ្រុលនិយមស្បែកស មានគណនីលើប្រព័ន្ធសង្គមរបស់ខ្លួន សម្រាប់ផ្សព្វផ្សាយនិងគាំទ្រទ្រឹស្តីស្បែកសនិយមបានទៀតឡើយ។ ហ្វេសប៊ុកធ្វើការផ្លាស់ប្តូរជំហរបែបនេះ ក៏ព្រោះតែក្រុមហ៊ុនបានរងការរិះគន់យ៉ាងខ្លាំងថាគ្មានចំណាត់ការល្អប្រឆាំងនឹងក្រុមជ្រុលនិយម ពីសំណាក់ក្រុមអ្នកការពារសិទ្ធិសេរីភាពស៊ីវិល។
គិតមកទល់ថ្ងៃនេះ ហ្វេសប៊ុកធ្លាប់បានលុបខ្លឹមសារនិងទំព័រណាដែលឃោសនាមនោគមន៍លើកតម្កើងស្បែកសខ្លះដែរ តែមិនដែលចាត់ទុកសកម្មភាពស្បែកសនិយមជ្រុល ថាជាទង្វើរើសអើងប្រកាន់ពូជសាសន៍ដោយចំៗឡើយ។ ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុនបានប្តូរជំហរ។
បម្រាមរបស់ក្រុមហ៊ុន មិនឱ្យក្រុមជ្រុលនិយមស្បែកសប្រើប្រព័ន្ធហ្វេសប៊ុក និងInstagram នឹងចូលជាធរមានចាប់ពីសប្តាហ៍ក្រោយទៅ។ រាល់ការផ្សព្វផ្សាយទ្រឹស្តី មនោគមវិជ្ជាស្បែកសនិយម និងការគាំទ្រទស្សនៈជាតិនិយម ព្រមទាំងទស្សនៈបែងចែករើសអើងពូជសាសន៍ស្បែកសនិយម នឹងមិនត្រូវបានអនុគ្រោះឱ្យមាននៅលើប្រព័ន្ធសង្គមរបស់ខ្លួនទៀតឡើយ។ នេះជាការគូសបញ្ជាក់របស់ក្រុមហ៊ុនហ្វេសប៊ុក។ ប៉ុន្តែអ្នកប្រើប្រាស់ប្រព័ន្ធសង្គមទាំងអស់ អាចបន្តបញ្ចេញមតិ និងមោទភាពនៃមរតកជាតិសាសន៍របស់ខ្លួន។
សេចក្តីសម្រេចរបស់ហ្វេសប៊ុកនេះ ធ្វើឡើងក្រោយពីក្រុមហ៊ុន ព្រមទាំងប្រព័ន្ធសង្គមផ្សេងទៀតដូចជា youTube Twitter បានរកការរិះគន់យ៉ាងខ្លាំង ដោយបានបណ្តោយឱ្យជនជ្រុលនិយមស្បែកស ដែលជាខ្មាន់កាំភ្លើងបាញ់រះលើជនស្លូតត្រង់នៅវិហារអ៊ីស្លាមក្រុងChristchurch នៅប្រទេសនូវែលហ្សេឡង់ ផ្សព្វផ្សាយដោយផ្ទាល់សកម្មភាពវាយប្រហាររបស់គេ។
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានអបអរនឹងស្វាគមន៍សេចក្តីសម្រេចរបស់ហ្វេសប៊ុក ដែលបាត់វិធានការប្រឆាំងនឹងក្រុមជ្រុលនិយម ប៉ុន្តែលោកស្រីយល់ថាមិនទាន់គ្រប់គ្រាន់ទេ។ គេគួរតែធ្វើឱ្យបានច្រើនជាងនេះ ! នូវែលហ្សេឡង់ចង់បានចំណាត់ការបែបអន្តរជាតិ និងក្នុងកំរិតមូលដ្ឋានទៀត។ អូស្ត្រាលីបានព្រលយអំពីគំនិតចង់ចាប់អ្នកទទួលខុសត្រូវក្រុមហ៊ុនដាក់ពន្ធនាគារតែម្តងប្រសិនបើក្រុមហ៊ុនមិនអាចលុបខ្លឹមសារជ្រុលនិយមឱ្យបានឆាប់រហ័សទេ។