ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃព្រហស្បតិ៍ សេចក្តីសម្រេចចិត្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយម។ នេះជាលើកទីមួយហើយដែលអង្គការសហប្រជាជាតិ មានច្បាប់ឧទ្ទិសផ្តាច់មុខលើប្រធានបទប្រយុទ្ធប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយមយ៉ាងដូច្នេះ។ ម្ចាស់ដើមនៃសំណើគម្រោងសេចក្តីសម្រេចចិត្ត នេះគឺបារាំង។
ការប្រយុទ្ធប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយម ធ្លាប់ត្រូវបានអង្គការសហប្រជាជាតិ លើកឡើងនិងសម្រេចជាច្រើនដងមកហើយ តែក្នុងទម្រង់រប៉ាត់រប៉ាយ លាយលំជាមួយសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិផ្សេងៗ។
ប៉ុន្តែនៅថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលផ្គុំគ្រប់វិធានការជាអត្ថបទច្បាប់រួមតែមួយផង និងមានលក្ខណៈជាការពង្រឹងឱ្យកាន់តែខ្លាំងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយមទៀត។
សេចក្តីសម្រេចចិត្តនេះ ត្រូវចាត់បញ្ចូលទៅក្នុងជំពូក៧នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ពោលគឺជាច្បាប់ដែលត្រូវតែគោរពតាម។ រដ្ឋជាសមាជិកត្រូវមានកាតព្វកិច្ចភ្ជាប់ជាច្បាប់និងវិធានជាតិ សម្រាប់ដាក់ទោសព្រហ្មទណ្ឌ និងទណ្ឌកម្មដ៏សក្តិសមលើបុគ្គលណាដែលមានចេតនា ឬបានប្រើហិរញ្ញវត្ថុ ដោយផ្ទាល់ ឬដោយប្រយោលក្នុងបំណងភេរវកម្ម។
អត្ថបទច្បាប់ក៏បានស្នើឱ្យរដ្ឋជាសមាជិកទាំងអស់កំណត់រកវិស័យសេដ្ឋកិច្ចណា ដែលទន់ជ្រាយងាយរកគ្រោះបំរើប្រយោជន៍ហិរញ្ញវត្ថុភេរវនិយម និងបង្កើតស្ថាប័ន ឬក្រុមការងារចារកិច្ចពិសេសសម្រាប់ចាប់ចរន្តហិរញ្ញវត្ថុបំរើឱ្យចលនាឬអង្គការភេរវនិយម។
តាមរយៈច្បាប់ទើបអនុម័តនេះ រដ្ឋនីមួយៗអាចថែមទាំងបញ្ចេញសកម្មភាពប្រឆាំងការផ្ទេរប្រាក់បែបអនាមិក និងអភិវឌ្ឍមធ្យោបាយត្រួតពិនិត្យលើរាល់គ្រប់ការបង់ប្រាក់តាមប្រព័ន្ធទូរស័ព្ទចល័ត ការចាយលុយសុទ្ធ និងការចាយវាយរូបិយបណ្ណអេឡិចត្រូនិក ដែលជារូបិយបណ្ណប្រភេទថ្មី មានជាអាទិ៍Bitcoin ជាដើម។ល។
ការពង្រឹងច្បាប់ប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយម ក៏មានគិតគូរដល់ផលប៉ះពាល់លើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលដែរ។ ដើម្បីផ្តល់ការធានាដល់ក្រុមអង្គការមនុស្សធម៌ សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គ្រប់វិធានការប្រយុទ្ធប្រឆាំងនឹងហិរញ្ញវត្ថុភេរវនិយម ត្រូវធ្វើឡើងក្នុងក្របខ័ណ្ឌនៃការគោរពច្បាប់មនុស្សធម៌៕
