ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៧មីនា បានចូលក្នុងក្រុមប្រទេសដែលអាចប្រើមីស៊ីលកម្ទេចផ្កាយរណបមួយក្នុងទីអវកាស។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារេនដ្រាម៉ូឌីដែលបញ្ជាក់ថា ប្រទេសលោកពុំបង្កើតបរិយាកាសនៃសង្គ្រាមមួយឡើយ។
ទីភ្នាក់ងារស្រាវជ្រាវយោធាឥណ្ឌា កាលពីថ្ងៃទី២៧មីនា បានបាញ់កម្ទេចផ្កាយរណបឥណ្ឌាមួយដែលកំពុងស្ថិតក្នុងតារាវិថីទាប តាមរយៈការបាញ់មីស៊ីលមួយ ចេញពីកោះមួយនៃរដ្ឋអូឌីសា ធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសទី៤លើពិភពលោក ដែលសម្រេចបានបច្ចេកវិទ្យានេះ។ ប្រតិបត្តិការបាញ់កម្ទេចផ្កាយរណបនោះ មានឈ្មោះថាប្រតិបត្តិការSHAKTI ជាភាសាហិណ្ឌូគឺកម្លាំង មានរយៈពេល៣នាទី។
លោកម៉ូឌីថ្លែងថាមុននេះបន្តិចបណ្ដាអ្នកវិទ្យាសាស្ត្ររបស់យើង បានបាញ់ទម្លាក់ផ្កាយរណបមួយក្នុងតារាវិថីទាបកម្ពស់៣០០គីឡូម៉ែត្រ។ គោលបំណងរបស់យើងគឺបង្កើតសន្តិភាពហើយពុំបង្កើតបរិយាកាសនៃសង្គ្រាមមួយឡើយ។ ការសាកបាញ់មីស៊ីលកម្ទេចផ្កាយរណបនេះពុំមែនសំដៅប្រឆាំងប្រទេសណាមួយឡើយ។ ពេលនេះវាជាមោទនភាពសម្រាប់ឥណ្ឌា ដោយលោកវាយតម្លៃថា ប្រទេសរបស់លោកមានប្រជាជន១,២៥ពាន់លាននាក់ ក្លាយជាមហាអំណាចអវកាសមួយដែរហើយ។ មុននេះមានតែសហរដ្ឋអាមេរិក រុស្ស៊ី និងចិនទេដែលមានរួចហើយបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នានោះ៕