អ្នក​បង្កើត​ Facebook ​ត្រូវ​គេ​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​​តំណែង​ជា CEO

0

​លោក ​Alex Stamos ​ជា​បុគ្គល​ដែល​ជិត​ស្និទ្ធ​ជាមួយ​អ្នក​បង្កើត​ Facebook ​បាន​លើក​ឡើង​ថា Mark Zuckerberg ​កាន់​តំណែង​ច្រើន​និង​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​រចនា​សម្ព័ន្ធ​ Facebook ​ដូច​នេះ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ គួរ​តែ​ពិចារណា​រក​អ្នក​មក​ស្នង​​តំណែង​ធំ​ជានាយកប្រតិបត្តិជំនួស​ Mark ​វិញ​។

​អតីត​ប្រធាន​ផ្នែក​សុវត្ថិភាព​ធំ​ជាង​គេ​ក្នុង​ Facebook ​រូប​នេះ​បាន​បន្ត​ទៀត​ថា ​ប្រការ​ដែល​បន្ថយ​តួនាទី​នេះ​គឺ ​គោលបំណង​ចង់​ឲ្យ Mark ​ផ្ដោត​លើ​អ្វី​ដែល​គាត់​ចូល​ចិត្ត​ធ្វើ​ដូច​កាល​ពី​មុន។

​ប្រសិន​បើ​​អនុញ្ញាត​ឲ្យ​ស្ថាបនិក​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ ដក​ឃ្លា​ពី​ការងារ​ដ៏​ច្រើន​សម្បើម​ដូច​រាល់​ថ្ងៃ​នេះ ​អាច​ជួយ​ឲ្យ​គាត់​ផ្ដោត​លើ​ការ​រៀបចំ​ផលិតផល​ថ្មី​ជា​ស្នាដៃ​គាត់​ផ្ទាល់ និង​បង្កើត​ឲ្យ​មាន​វប្បធម៌​ថ្មី​នៅ​ក្នុង​ក្រុមហ៊ុន​កាន់​តែ​រីក​ចម្រើន​។

​បច្ចុប្បន្ន​នៅ​មិន​ទាន់​ការ​ប្រជុំ​សម្រេច​ថា​នឹង​បន្ថយ​តំណែង​របស់ Mark Zuckerberg យ៉ាង​ណា​នោះ​ទេ ​ក៏​ប៉ុន្តែ​បេក្ខភាព​ឈាន​មុខ​គេ​ដែល​អាច​នឹង​ជំនួស​តំណែង​បាន​មាន​ដូច​ជា លោក Brad Smith ​ដែល​ជា​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុមហ៊ុន Microsoft ឯណោះ​វិញ។

បន្ថែមលើនេះទៀត លោក​ Jason Calacanis អ្នក​បណ្ដាក់ទុន​លើ​ផ្នែក​បច្ចេកវិទ្យាមួយរូប​ ក៏ធ្លាប់បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​ CNBC ថា សមត្ថភាព​ដោះ​ស្រាយ​នឹង​វិបត្តិ​របស់​ Mark ​គឺ​អន់​ណាស់​ ហើយ​បាន​បន្ថែម​ថា​​ដល់​វេន​ដែល​អ្នក​ស្រី​ Sheryl Sandberg ដែល​បច្ចុប្បន្ន​មាន​តំណែង​ជា​ប្រធានប្រតិបត្តិ ឡើង​ធ្វើ​ជា​នាយក​ប្រតិបត្តិ​វិញ​ម្ដង។ Facebook បាន​កើត​មាន​បញ្ហា​ធំ​ ក្រោយ​ពី​មាន​ការ​រាយការណ៍​ថា​​ក្រុមហ៊ុន​ស្រាវជ្រាវ​ Cambridge Analytica អាច​​​ចូល​​មើល​ទិន្នន័យ​​គណនី​ Facebook ចំនួន​ ​៥០ លាន​គណនី​ មុន​ការ​បោះ​ឆ្នោត​​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ ២០១៦។

លោក​ Jason ដែល​ជា​នាយក​ប្រតិបត្តិ​​នៃ​ Insider.com និង​ជា​អ្នក​បណ្ដាក់​ទុន​លើ​សេវាកម្ម​ Uber បាន​និយាយ​ថា​ទង្វើ​របស់​ Mark ​គឺ​បង្ហាញ​ពី​ការ​បរាជ័យ​​លើ​ភាព​ជា​អ្នក​ដឹកនាំ និង​បាន​លើក​សរសើរ​លោក​ស្រី​ Sheryl ថា​ អាច​ដោះ​ស្រាយ​លើ​បញ្ហា​បែប​នេះ​បាន​ល្អ​ជាង​ Mark៕

LEAVE A REPLY

Please enter your comment!
Please enter your name here