កាលពីម្សិលមិញនេះលោក Ren Zhengfei អ្នកបង្កើតក្រុមហ៊ុន Huawei បានលើកឡើងថាសហរដ្ឋអាមេរិកបានមើលស្រាលសមត្ថភាពក្រុមហ៊ុនរបស់ខ្លួន ក្រោយក្រុងវ៉ាស៊ីនតោនហាមឃាត់ Huawei មិនឲ្យប្រើផលិតផល និងសេវាកម្មក្រុមហ៊ុនអាមេរិក។
ស្ថាបនិកវ័យ ៧៥ ឆ្នាំរូបនេះ និយាយថាក្រុមហ៊ុនរបស់ខ្លួនបានត្រៀមរួចជាស្រេចពីការហាមឃាត់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ហើយក៏បានធ្វើការអរគុណដល់ក្រុមហ៊ុនអាមេរិកជាដៃគូ ដែលបានជួយ Huawei ឲ្យរីកលូតលាស់នាពេលកន្លងមកនេះ។
យ៉ាងណាក្ដីម្ចាស់ក្រុមហ៊ុនស្មាតហ្វូនធំជាងគេលេខ ២ នេះ ក៏បានទទួលស្គាល់ថាគ្រួសាររបស់លោក ពេញចិត្តនឹងផលិតរបស់ Apple ដែលជាគូប្រជែង។
លោកបានលើកឡើងបែបនេះថា ៖ “ដើម្បីគាំទ្រ Huawei មិនមានន័យថាអ្នកចាំបាច់ត្រូវតែទិញស្មាតហ្វូន Huawei នោះទេ។ គ្រួសាររបស់ខ្ញុំប្រើផលិតផល Apple យូរយារមកហើយ”។ លោក Ren បានថ្លែងដូចនេះនៅចំពោះមុខអ្នកកាសែតចិន ក្នុងទីស្នាក់ការ Huawei កាលពីព្រឹកថ្ងៃទី ២១ ឧសភាកន្លងទៅ។
ស្ថាបនិកដែលមានទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លាររូបនេះ បានបញ្ជាក់ដែរថាការហាមឃាត់របស់អាមេរិកមកលើ Huawei នឹងមិនប៉ះពាល់ដល់ការផែនការបញ្ចេញបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុននោះទេ ហើយរំពឹងថាមិនមានក្រុមហ៊ុនណាអាចតាមទាន់បច្ចេកវិទ្យា Huawei ក្នុង ២-៣ ឆ្នាំទៅមុខទៀត៕
