សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបាននឹងកំពុងរងភាពតានតឹង រហូតត្រូវបង្ខំចិត្តឲ្យក្រុមហ៊ុន Google ត្រៀមនឹងបញ្ចប់ការសហការជាមួយក្រុមហ៊ុនយក្សចិន Huawei។ ទាក់ទិននឹងបញ្ហានេះ រាល់បណ្តាស្មាតហ្វូនរបស់ Huawei កំពុងប្រឈមនឹងបាត់បង់ការគាំទ្រលើកំណែ Update ប្រព័ន្ធ Android ជំនាន់ថ្មីនៅពេលខាងមុខ។
ជុំវិញដំណោះស្រាយពីសំណាក់ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថានឹងយកប្រព័ន្ធប្រតិបត្តិ HongMeng OS ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់ខ្លួនផ្ទាល់ មកប្រើប្រាស់ជំនួសប្រព័ន្ធ Android ក្នុងលក្ខខណ្ឌដែលមិនអាចសម្របសម្រួលជាមួយរដ្ឋាភិបាលអាមេរិក។
របាយការណ៍មួយក៏បានចុះផ្សាយថ្មីៗនេះថា HongMeng OS នឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ លើសេរ៊ីស្មាតហ្វូន Huawei Mate 30 ដែលរំពឹងប្រកាសនាចុងឆ្នាំ ២០១៩ នេះតទៅ។
តាមការឲ្យដឹងពី Huawei Central សម្រាប់ការអភិវឌ្ឍ HongMeng OS បានចាប់ធ្វើឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដែលជាផ្លូវក្រោយទុកត្រៀមដោះស្រាយបញ្ហាចាំបាច់ បែបនេះហើយប្រសិនណាការចរចារវាង Hauwei និង Google របស់អាមេរិកមិនទទួលបានលទ្ធផលវិជ្ជមាន នោះគ្រប់យ៉ាងក៏នឹងសម្រេចធ្វើដូចក្រុមហ៊ុនចិនបានគ្រោងទុក៕