ក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិន នឹងដកសមាជិកភាពចេញពីផ្សារហ៊ុនញូយ៉ក (New York Stock Exchange) របស់សហរដ្ឋអាមេរិក ខណៈសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មិនទាន់អាចរកច្រកចេញបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។
ក្រុមហ៊ុនផលិតបន្ទះឈីបចិន Semiconductor Manufacturing International Corporation ដែលមានតម្លៃ៥.៤ពាន់លានដុល្លារ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុននឹងស្នើនៅខែមិថុនាខាងមុខ ដើម្បីដកខ្លួនចេញពីផ្សារហ៊ុនញូយ៉ករបស់អាមេរិក។ ការសម្រេចភ្លាមៗបែបនេះ បានកើតមានឡើង ចំពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមកាត់ផ្តាច់បច្ចេកវិទ្យាអាមេរិកពីដៃចិន ខណៈកិច្ចចរចាដើម្បីដោះស្រាយទំនាស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានជាប់គាំង។
គួរជម្រាបថា ជាការឆ្លើយតបនឹងចំណាត់ការរបស់អាមេរិក ប្រទេសចិនបានងាកមកពង្រឹងគោលនយោបាយរបស់ខ្លួន ដែលសំដៅ លើកទឹកចិត្តដល់ឧស្សាហកម្មអភិវឌ្ឍន៍បន្ទះឈីប ក៏ដូចជា Software នៅក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកនៃវិស័យនេះ ទៅលើការនាំចូលពីក្រៅប្រទេសខ្លាំងពេក៕
![](https://i0.wp.com/cdn.nctc.gov.kh/2019/05/fn-2019-05-25-20-10-33-0.jpg?resize=696%2C406&ssl=1)